សម្តេចក្រឡាហោម ស ខេង៖ គ្មានតំណាងរាស្ត្រជំនាន់ណា ធ្វើបានប្រហែលតំណាងរាស្ត្រជំនាន់គណបក្សប្រជាជនកាន់អំណាចនេះទេ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង មានប្រសាសន៍ថា “ប្រាកដណាស់ គ្មានតំណាងរាស្ត្រជំនាន់ណា ដែលធ្វើបានប្រហែលតំណាងរាស្ត្រជំនាន់គណបក្សប្រជាជនកម្ពុជាកាន់អំណាចនេះទេ។ នេះជាការពិត ដោយគ្មានការនិយាយអួតអាងខុសពីការជាក់ស្តែងនោះទេ”។ សម្តេចក្រឡាហោម បានលើកឡើងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្ដេចព្រះសុមេធាធិបតី នន្ទ ង៉ែតនិងសមិទ្ធផលនានា នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ស្ថិតនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។

សម្តេចបានបន្ថែមថា មន្ត្រីគណបក្សប្រជាជនកម្ពុជា ធ្វើការចង់លើសកម្លាំង មិនសូវមានពេលវេលាដើម្បីសម្រាកទៅកម្សាន្តនៅទីកន្លែងនេះកន្លែងនោះប៉ុន្មានទេ ទោះបីថ្ងៃសៅរ៍អាទិត្យក៏ដោយតែងតែនាំគ្នាឆ្លៀតមកអើតមូលដ្ឋាន ជួនអីពេញមួយអាទិត្យក៏មានដែរ។

សូមជម្រាបថា គណបក្សប្រជាជនកម្ពុជា បានដាក់បញ្ជីឈ្មោះបេក្ខជនពេញសិទ្ធិ ១២៥រូប និងបេក្ខជនបម្រុងរួចរាល់អស់ហើយ ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។ គ.ជ.ប. ក៏បានចេញេចក្តីសម្រេចស្តីពីការប្រកាសទទួលស្គាល់ជាផ្លូវការ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជាផងដែរ៕

អត្ថបទ៖ អក្ខរា