មកដឹងពីចំណុចសំខាន់ៗ សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំពាក់ព័ន្ធនៅឥណ្ឌូនេស៊ី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ូនបាចូ។

យោងតាមសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាប៊ូ សាធារណរដ្ឋឥណ្ឌូនេស៊ីរយៈពេល ២ថ្ងៃនេះ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំទាំងនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់នូវចំណុចសំខាន់ៗ ដូចខាងក្រោម៖

  • អាស៊ានត្រូវឆ្លើយតបចំពោះបញ្ហាប្រឈមទាំងឡាយទាំងនៅក្នុងតំបន់ និងសាកលលោក ឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងបុរេសកម្ម ជាពិសេសបញ្ហាដែលអាស៊ានពុំអាចទទួលបានកុងសង់ស៊ីស ដោយមិនទុកឱ្យបញ្ហាទាំងនោះប៉ះពាល់ដល់ដំណើរការកសាងសហគមន៍អាស៊ាន និងសមាហរណកម្មតំបន់ឡើយ។
  • ការពង្រឹងសហគមន៍អាស៊ានមិនត្រូវធ្វើឲ្យប៉ះពាល់ដល់គោលការណ៍គ្រឹះទាំងឡាយ ដែល មានចែងក្នុងធម្មនុញ្ញអាស៊ានឡើយ ជាពិសេស គោលការណ៍ស្តីពីការធ្វើសេចក្តីសម្រេច ចិត្តដោយផ្អែកលើការពិគ្រោះយោបល់និងកុងសង់ស៊ីស និងការមិនជ្រៀតជ្រែកកិច្ចការផ្ទក្នុងផងគ្នា។
  • ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ត្រូវឆ្លើយតបចំពោះនិន្នាការតំបន់ និង សាកល ដែលកំពុងមានការវិវត្តយ៉ាងឆាប់រហ័ស ដូចជារបៀបវារៈបៃតង សេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាទំនើប ខ្សែចង្វាក់តម្លៃសកល ការតភ្ជាប់ការដឹកជញ្ជូន និងភស្តុភាជាដើម ក្នុង បំណងធានាឲ្យបានថា អាស៊ានត្រៀមខ្លួនរួចជាស្រេច និងនៅតែរឹងមាំ ហើយធន់ នៅពេល
    អនាគត។
  • នៅខណៈពេលដែលទទួលស្គាល់អំពីតម្រូវការ ដើម្បីរៀបចំចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ ឲ្យបានប្រកបដោយទស្សនវិស័យវែងឆ្ងាយ ការបំផុសគំនិត និងការសំឡឹង ឆ្ពោះទៅមុខ ប្រមុខដឹកនាំអាស៊ានបានគូសបញ្ជាក់នូវតម្រូវការក្នុងការធ្វើឲ្យមានតុល្យភាព រវាងភាពជាក់ស្ដែងនិយម និងបំណងប្រាថ្នាដែលចង់បាន។ អ្វីដែលសំខាន់ជាងនេះទៀត នោះ គឺចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥នេះ គួរតែផ្តោតលើសកម្មភាពជាក់ ស្តែង និងតម្កល់ប្រជាជនជាស្នូលនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការកសាងសហគមន៍អាស៊ាន។
  • ចំពោះបញ្ហាមីយ៉ាន់ម៉ា វាមានសារៈសំខាន់ក្នុងការធានាឱ្យបាននូវការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទ៥ចំណុច និងការពិនិត្យឡើងវិញ និងសេចក្តីសម្រេចរបស់ប្រមុខដឹកនាំអាស៊ាន ដែលបានអនុម័តនៅឆ្នាំ២០២២កន្លងមក ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ លើសពីនេះ អាស៊ានគួរប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ ភាពបត់បែន និងការច្នៃប្រឌិតខ្ពស់ ហើយស្វែងរកវិធីសាស្រ្តណាដែលមានសក្តានុពល អាចជួយមីយ៉ាន់ម៉ាស្ដារសន្តិភាព និង ត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។
  • នៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអាស៊ានត្រូវលើកកម្ពស់ភាពពាក់ព័ន្ធរបស់ខ្លួន ហើយត្រូវពង្រឹងយន្តការទាំងឡាយដែលដឹកនាំដោយអាស៊ាន ដើម្បីធ្វើយ៉ាងណាឱ្យអាស៊ានបន្តដើរតួនាទីស្នូល និងនាំមុខ ក្នុងការដោះស្រាយការ ប្រឈមនានា ក្នុងតំបន់ និងសកលលោក។ កម្ពុជាក៏បានរំលេចផងដែរថា អាស៊ានគួរ ស្វាគមន៍គំនិតផ្ដួចផ្ដើមទាំងឡាយណារបស់ដៃគូខ្លួន ដរាបណាគំនិតផ្តួចផ្តើមទាំងនោះ ស្របតាមធម្មនុញ្ញអាស៊ាន និងគោលការណ៍នៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ ហើយមិនត្រូវ យកទៅប្រើប្រាស់ ដើម្បីប្រឆាំងនឹងភាគីដទៃទៀតឡើយ៕

អត្ថបទ៖ អក្ខរា