លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន បានសម្រេច ដកខ្លួនចេញពីបេក្ខជនឈរឈ្មោះបោះឆ្នោតនៅមណ្ឌលខេត្តកណ្តាល សម្រាប់ការបោះឆ្នោតជ្រើសតំណាងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា ផ្អែកតាមមូលដ្ឋានច្បាប់ និងដោយហេតុថាឈ្មោះ រ៉ុង ឈុន ទើបត្រូវបាន ផ្តន្ទាទោសស្ថាពរ ដោយសាលដីកាព្រហ្មទណ្ឌលេខ ៣៥១ I ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ របស់តុលាការកំពូល ដូចនេះឈ្មោះ រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់ឡើយ ដោយសារពុំទាន់ផុតរយៈពេល ៥ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោសរួច ហើយឈ្មោះនេះ ក៏ពុំមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ ស្នើសុំឱ្យ មាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ ស្របតាមមាត្រា៥៣៤ និងមាត្រា៥៣៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ នេះបើយោងតាមលិខិត របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជម្រាបជូនឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ហើយការដកខ្លួននេះ បន្ទាប់ពី គ.ជ.ប បានបញ្ជាក់ថា បេក្ខជនពេញ សិទ្ធិ លេខរៀងទី១ មណ្ឌលខេត្តកណ្តាល ឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ ត្រូវបានតុលាការផ្តន្ទាទោសពីបទ មជ្ឈិម ហើយដែលមិន ទាន់មាននីតិសម្បទាឡើងវិញ។ ដូចនេះ គណបក្សភ្លើងទៀន ត្រូវប្ដូរបេក្ខជនថ្មីបំពេញបន្ថែមជំនួសត្រង់ បេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល។
ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីប្រធាន គ.ជ.ប បានស្នើសុំបញ្ជាក់អំពីភាពមាន ឬមិនមាននីតិសម្បទាឡើងវិញរបស់ឈ្មោះ រ៉ុង ឈុន តាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ ៣៥១ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ របស់តុលាការកំពូល។
គ.ជ.ប បានធ្វើលិខិតជម្រាបទៅប្រធានគណបក្សភ្លើងទៀន កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ គ.ជ.ប បានពិនិត្យលើសំណុំលិខិតសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្ស ភ្លើងទៀន ឃើញថា : ពុំទាន់បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់នៅឡើយទេ។ ចំណុចខ្វះខាត ដែលគណបក្សត្រូវបំពេញបន្ថែមមាន ដូចខាងក្រោម ៖
១- សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួន ១(មួយ)ច្បាប់។
២- បេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល ឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ ត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈិម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ។ ដូចនេះ គណបក្សភ្លើងទៀន ត្រូវប្ដូរបេក្ខជនថ្មីបំពេញបន្ថែមជំនួសត្រង់បេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល។
៣- បង្កាន់ដៃបង់ប្រាក់តម្កល់ចំនួន ១៥.០០០.០០០ (ដប់ប្រាំលាន) រៀល ដែលចេញដោយអគ្គនាយកដ្ឋានរតនាគារជាតិ។
សូមជម្រាបថា គណបក្សភ្លើងទៀន បានយកពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ទៅដាក់នៅ គ.ជ.ប កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣៕