សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈបណ្តាញសង្គមតេឡេក្រាមផ្លូវការនៅរសៀលថ្ងៃទី១០ ខែឧសភានេះ ស្វាគមន៍លោក នីន តារារតន៍ មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈលិខិតលោក នីន តារារតន៍ គោរពជូនសម្តេចតេជោ នៅថ្ងៃ៨ ខែឧសភា បានឲ្យដឹងថា លោកជាអតីតមិត្តរួមជំនាន់ រួមថ្នាក់សាកលវិទ្យាល័យជាមួយបណ្ឌិត សេង សារី និង ក្រុមនិស្សិត ប្រឆាំងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាពិសេសលើបញ្ហាព្រំដែនជាមួយ ស៊ន តារា អតីតនិស្សិតទស្សនវិជ្ជា។
លោក នីន តារារតន៍ សូមគោរពសម្តេចអនុគ្រោះដល់រូបលោកបាទ ដែលមានសកម្មភាពខុសឆ្គងកន្លងមក ចូលរួមធ្វើបាតុកម្មប្រឆាំងរាល់ដំណើរទស្សនកិច្ចថ្នាក់ដឹកនាំវៀតណាម មកកម្ពុជាចុងឆ្នាំ១៩៩៩ ដើមទសវត្សឆ្នាំ២០០០ រួមជាមួយសកម្មភាពប្រឆាំងផ្សេងៗទៀតលើការដឹកនាំរបស់ សម្តេចនាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជា។
អតីតក្រុមនិស្សិតប្រឆាំងរាជរដ្ឋាភិបាលរូបនេះ សុំការអនុគ្រោះពីសម្តេចតេជោនាយករដ្ឋមន្ត្រី ដោយក្តីសណ្តោសនូវសកម្មភាព ខុសឆ្គងកន្លងមក និងអនុញ្ញតឲ្យបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលដើម្បីបានបំរើប្រជាពលរដ្ឋ អភិវឌ្ឍន៍ប្រទេសក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រកបដោយគតិបណ្ឌិត៕
អត្ថបទ៖ អក្ខរា