នាយករដ្ឋមន្ត្រីកម្ពុជា ចង់បញ្ជូនអ្នកជំនាញផ្នែកកសិកម្មទៅសិក្សាដីនៅឯប្រទេសទីម័រខាងកើត

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញបំណងចង់បញ្ជូនអ្នកជំនាញផ្នែកកសិកម្មទៅសិក្សាដីនៅឯប្រទេសទីម័រខាងកើត ដើម្បីដឹងថាតើស្ថានភាពដីនៅទីនោះអាចដាំដុះទៅលើដំណាំអ្វីបានផលច្រើន។ ការបង្ហាញបំណងនេះ គឺបានធ្វើឡើងតាមរយៈពិភាក្សាទ្វេភាគីរវាងម្តេចតេជោ ហ៊ុន សែន ជាមួយ នាយករដ្ឋមន្រ្តីនៃប្រទេសទីម័រខាងកើត លោក ថូរ ម៉ាតាន់ រួក (Taur Matan Ruak)កាលរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។
ក្នុងជំនួបនោះ លោក ថូរ ម៉ាតាន់ រួក នាយករដ្ឋមន្ត្រី ទីម័រខាងកើត បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានជួយជ្រុំជ្រែងកិច្ចការងារយ៉ាងច្រើន ពីដើមរៀងមក ដើម្បីឲ្យសមាគមអាស៊ានទទួលយកទីម័រខាងកើតជាសមាជិកទី១១ ជាមួយគ្រួសារអាស៊ាន។ លោកក៏បានជំរាបសម្តេចតេជោថា វត្តមានរបស់ទីម័រខាងកើតមកកាន់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសឥណ្ឌូនេស៊ីនាពេលនេះ គឺមិនអាចកាត់ផ្ដាច់បានពីការជួយជ្រោមជ្រែងរបស់សម្ដេចតេជោ ហ៊ុន សែន នោះទេ ។
 
ជាមួយគ្នានេះ លោកក៏បានជំរាបសម្តេចទៀតថា៖«ការអញ្ជើញរបស់ទីម័រឡេស្តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឯប្រទេសឥណ្ឌូនេស៊ីនាពេលនេះ គឺជាលើកទីមួយ នៃប្រវត្តិសាស្ត្រដែលសម្តេចតេជោ ហ៊ុន សែន បានជ្រោមជ្រែង»។
 
ពាក់ព័ន្ធនឹងការលើកឡើងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីបំណងរបស់សម្តេចចង់ឱ្យទីម័រខាងកើត ចូលជាសមាជិកពេញសិទ្ធិតែម្តងនៅអាស៊ាន ខណៈសម្តេចក៏បានបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងទីម័រខាងកើតថា សម្តេចចង់ឱ្យទីម័រមានសន្តិសុខស្បៀង។ សម្តេចបន្តថា សម្តេចមានបំណងចង់ឲ្យអ្នកវិនិយោគរបស់ទីម័រខាងកើត មកវិនិយោគនៅក្នុងប្រទេសកម្ពុជា បង្កើតរោងចក្រកិនស្រូវនាំអង្ករចេញទៅកាន់ទីម័រ ដោយឡែកកន្ទក់សម្រាប់ផលិតជាចំណីសត្វ។
 
សម្តេចបានបញ្ជាក់បន្ថែមថា៖« ប្រសិនបើប្រទេសទីម័រឯកភាព កម្ពុជានឹងបញ្ជូនអ្នកជំនាញផ្នែកកសិកម្មទៅសិក្សាដីនៅឯប្រទេសទីម័រខាងកើត ថាតើស្ថានភាពដីនៅទីនោះអាចដាំដុះទៅលើដំណាំអ្វីបានផលច្រើន»។
គួរបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងបំណងរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនោះដែរ លោកនាយករដ្ឋមន្រ្តីទីម៉រខាងកើត ក៏បានទទួលយកនូវអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធទៅនឹងសន្តិសុខស្បៀងនេះ ដើម្បីឱ្យមានការអភិវឌ្ឍវិស័យកសិកម្មដោយខ្លួនឯង និងមានសន្តិសុខស្បៀងថែមទៀត៕
អត្ថបទ៖ ពិសី