គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ករណីដែលលោក រ៉ុង ឈុន គ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម មាន សទិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ករណីបេក្ខជនឈរឈោ្មះបោះឆ្នោតរបស់គណបក្សនយោបាយ គ.ជ.ប បានសុំការបញ្ជាក់ពីក្រសួងយុត្តិធម៌ អំពីភាពមាននីតិសម្បទាឡើងវិញរបស់បេក្ខជនឈរឈ្មោះបោះឆ្នោត ដោយក្រសួងយុត្តិធម៌ បានឆ្លើយបញ្ជក់មក គ.ជ.ប វិញថា ឈ្មោះ រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញទេ។ ដូចនេះ ឈោ្មះ រ៉ុង ឈុន គ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រទេ។
ចំពោះការដកខ្លួនចេញពីបេក្ខជនឈរឈ្មោះបោះឆ្នោត តំណាង គ.ជ.ប បានបញ្ជាក់ដែរថា ករណីនេះជាសិទ្ធិរបស់បុគ្គល និងកិច្ចការរបស់គណបក្សនយោបាយ។ បើតាមគ.ជ.ប គណបក្សនយោបាយត្រូវតែពិនិត្យ និងរៀបចំបញ្ជីឲ្យបានត្រឹមត្រូវមុននឹងដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះនៅ គ.ជ.ប។
គ.ជ.ប ក៏បានស្នើឲ្យប្រធានគណបក្សភ្លើងទៀន ត្រូវបំពេញចំណុចខ្វះខាតក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៧។ ក្នុងនោះ គណបក្សភ្លើងទៀន ក៏ត្រូវប្ដូរបេក្ខជនថ្មីជំនួសលោក រ៉ុង ឈុន ដែលត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈិម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ។ ដូចនេះ គណបក្សភ្លើងទៀន ត្រូវប្ដូរបេក្ខជនថ្មីបំពេញបន្ថែម ជំនួសត្រង់បេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល។
សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៥ លោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការ ព្រោះតែរិះគន់អំពីសន្ធិសញ្ញាបំពេញបន្ថែមកម្ពុជា-វៀតណាម។ នៅចុងខែមករា ឆ្នាំ២០១៤ លោកក៏ត្រូវចាប់ខ្លួនម្តងទៀត ដោយសារតែដឹកនាំទាមទារឱ្យមានការដោះលែងប្រធានសមាគមសេដ្ឋកិច្ចប្រជាធិបតេយ្យឯករាជ្យក្រៅប្រព័ន្ធ លោក វន់ ពៅ។ រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ លោក រ៉ុង ឈុន ក៏ត្រូវចាប់ខ្លួនជាថ្មីទៀត ក្រោយពីលោកបានចេញថ្លែងការណ៍ពីការបាត់ដីរបស់ពលរដ្ឋខ្មែរទៅវៀតណាម នៅខេត្តត្បូងឃ្មុំ។ បន្ទាប់ពីត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ លោក រ៉ុង ឈុន ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម» ប៉ុន្តែលោកត្រូវតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន និងដាក់ឱ្យនៅក្រោមការតាមដានរបសតុលាការនៅឡើយរហូតមកទល់ពេលនេះ។
លោក រ៉ុង ឈុន អាចនឹងត្រូវចាប់ខ្លួនតាមដីកា ប្រសិនបើមិនអនុវត្តតាមដីការបស់តុលាការ ហើយក៏មិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតបានដែរ បើមិនទាន់បានស្តារនីតិសម្បទា ខណៈពេលដែលលោក រ៉ុង ឈុន បច្ចុប្បន្ន ស្ថិតក្នុងដំណាក់កាលអនុវត្តទោស តាមរយៈសាលដីការបស់តុលាការកំពូល ដែលបានចេញកាលពីខែសីហា ឆ្នាំ២០២២ ដោយលោក និល ណុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ៕
អត្ថបទ៖ អក្ខរា