ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ថ្ងៃទី២ និងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ប្រាជ្ញ ចន្ទ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ បេក្ខជនឈរឈ្មោះ និងអ្នកគាំទ្រទាំងអស់ ត្រូវតែគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្រមសីលធម៌សម្រាប់ការបោះឆ្នោត គោលការណ៍ស្ដីពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ គ្រប់បេក្ខជន និងគណបក្សនយោបាយទាំងអស់ត្រូវប្រកាន់អាកប្បកិរិយាថ្លៃថ្នូរ។
ក្នុងនោះ ឯកឧត្តម ប្រធាន គ.ជ.ប គ្រប់បេក្ខជន និងគណបក្សនយោបាយទាំងអស់ត្រូវប្រកាន់អាកប្បកិរិយាថ្លៃថ្នូរ។ ឯកឧត្តមក៏អំពាវនាវចំណុចសំខាន់ៗ ដូចខាងក្រោម៖
- គ្រប់គណបក្សនយោបាយ ឬបេក្ខជន ឬតំណាងទាំងអស់មិនត្រូវបង្គាប់បញ្ជាឱ្យអ្នកគាំទ្ររបស់ខ្លួនទៅហែក ឬបំផ្លាញចោលសម្ភារ ឯកសារឃោសនារបស់គណបក្សនយោបាយ ឬ/និងបេក្ខជនដទៃឡើយ
- គ្រប់គណបក្សនយោបាយ ឬបេក្ខជន ឬតំណាងទាំងអស់ ត្រូវចៀសវាងប្រព្រឹត្តអំពើគំរាមកំហែង ឬបំភិតបំភ័យ ឬអំពើហិង្សាទៅលើប្រជាពលរដ្ឋ ទៅលើគណបក្សនយោបាយ ឬបេក្ខជនដទៃទៀត
- គ្រប់គណបក្សនយោបាយ ឬបេក្ខជន ឬតំណាងទាំងអស់ មិនត្រូវញុះញង់អ្នកគាំទ្រ ឬអ្នកបោះឆ្នោតឱ្យប្រព្រឹត្តអំពើរំលោភបំពាន គំរាមកំហែង អំពើហិង្សា ឬបំភិតបំភ័យទៅលើបុគ្គល ឬគណបក្សនយោបាយដទៃទៀតឡើយ
- គ្រប់គណបក្សនយោបាយ ឬបេក្ខជន ឬតំណាងទាំងអស់ មិនត្រូវនិយាយដោយផ្ទាល់មាត់ ឬដោយប្រយោល ឬសរសេរជាលាយលក្ខណ៍អក្សរក្នុងន័យអសីលធម៌ ប្រមាថ មាក់ងាយទៅលើបេក្ខជន ឬអ្នកគាំទ្រ ឬលើបុគ្គលណាម្នាក់ឡើយ
- គ្រប់គណបក្សនយោបាយ ឬបេក្ខជន ឬអ្នកគាំទ្រទាំងអស់ មិនត្រូវធ្វើការគំរាមកំហែង បំភិតបំភ័យ និងលួងលោមឱ្យបុគ្គលផ្ដិតមេដៃ ឬស្បថ ឬសន្យា បោះឆ្នោតឱ្យគណបក្សនយោបាយណាមួយឡើយ
-គ្រប់គណបក្សនយោបាយ ឬបេក្ខជន ឬតំណាងទាំងអស់ មិនត្រូវផ្ដល់អំណោយជាថវិកា ឬជាសម្ភារដែលជារង្វាន់លើកទឹកចិត្ត វិភាគទាន ជូនសគុណ ឬរង្វាន់លើកទឹកចិត្តជាប្រាក់កាស ឬជាសម្ភារ ទោះបីតាមមធ្យោបាយ ឬរូបភាពណាក៏ដោយដល់ស្ថាប័ន អង្គការ ឬបុគ្គលណាម្នាក់ក្នុងគោលបំណងទិញទឹកចិត្តអ្នកបោះឆ្នោត - គ្រប់គណបក្សនយោបាយ ឬបេក្ខជន ឬតំណាងទាំងអស់ មិនត្រូវញុះញង់ឱ្យមានការរើសអើងទៅលើសមាជិកនៃជាតិពន្ធុ ក្រុមជាតិ ពូជសាសន៍ ឬនៃសាសនាណាមួយជាកំណត់
- គណបក្សនយោបាយ ឬបេក្ខជន ឬតំណាងទាំងអស់ មិនត្រូវគំរាមកំហែង ឬបំភិតបំភ័យដោយផ្ទាល់ ឬដោយប្រយោលដល់បុគ្គលណាម្នាក់ ឬក្រុមគ្រាំទ្រណាមួយ ដើម្បីឱ្យគេគាំទ្រខ្លួន ឬបំបាក់ទឹកចិត្តបុគ្គលទាំងនោះឱ្យឈប់គាំទ្រដល់បេក្ខជន ឬគណបក្សនយោបាយដទៃទៀតឡើយ៕