តើ​បុគ្គល ប៊ុត ប៊ុនតិញ ជា​សង្ឃ​ពិត​ប្រាកដ ឬគ្រាន់តែគ្រងស្បង ទាំងដែលមិនចេះ ធម៌ បាលី?

តើបុគ្គល ប៊ុត ប៊ុនតិញ ជាសង្ឃពិតប្រាកដ ឬគ្រាន់តែ យកស្បងចីវរ មកគ្រង ដើម្បីតែផលប្រយោជន៍ តើបុគ្គលរូបនេះ បានរៀន ចេះធម៌ បាលី ដែរឬទេ ព្រោះថា បុគ្គល ប៊ុត ប៊ុនតិញ ម្នាក់នេះ គឺបកប្រែខុសនឹងអត្ថន័យខ្លឹមសារនៃបរិបទភាសាបាលីលើគោរមងារទាំងស្រុង។ អត្តន័យត្រឹមត្រូវនៃពាក្យ «ពុទ្ធមាមកភិបាល» ត្រូវបានបកស្រាយថា គឺមកពីពាក្យ ពុទ្ធ + មាមកៈ + អភិបាល ដែលមានន័យថា អ្នករក្សាដ៏ក្រៃលែងនូវអ្នកគោរពស្រឡាញ់រាប់អានព្រះពុទ្ធសាសនា។

ប្រជាពលរដ្ឋដែលជាអ្នកកាន់ព្រះពុទ្ធសាសនា ជាសាសនារដ្ឋ កំពុងតែឆ្ងល់ថា បុគ្គល ប៊ុត ប៊ុនតិញ ជាសង្ឃពិតប្រាកដដែរឬទេ បើគ្រាន់តែ ពាក្យបាលី ក៏មិនចេះផងនោះ។

សូមបញ្ជាក់ផងដែរថា គណៈសង្ឃពុទ្ធសាសនាកម្ពុជាបានប្រកាសជាចំហ និងដាច់អហង្ការថា បុគ្គល ប៊ុត ប៊ុនតិញ នេះ មិនមែនជាអ្នកបួសពុទ្ធសាសនាថេរវាទពិតប្រាកដទេ តែជាបុគ្គលអសីលធម៌ អគុណធម៌ គ្មានវិន័យ បុគ្គលទ្រុស្តសីល បុគ្គលមិនគួរគោរពបូជា និងជាបុគ្គលក្លែងបន្លំក្នុងសាសនា ដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនដោយប្រព្រឹត្តអំពើទុច្ចរិត និងអនាចារផ្សេងៗគ្រប់រូបភាព។

គណៈសង្ឃពុទ្ធសាសនាកម្ពុជា មិនទទួលស្គាល់បុគ្គលនេះជាបព្វជិតតទៅទៀតឡើយ ដោយចាត់ទុកបុគ្គលនេះនៅក្រៅសហគមន៍សង្ឃខ្មែរចាប់ពីពេលនេះតទៅ ព្រោះបុគ្គល ប៊ុត ប៊ុនតិញ នេះធ្លាប់បានប្រមាទកាតទៀនសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃគ្រប់ព្រះអង្គ និងព្រះមហាថេរផ្សេងៗទៀត ព្រមទាំងថ្នាក់ដឹកនាំប្រទេស មានសម្ដេចតេជោជាដើម។

គណៈសង្ឃនាយកបានចាត់ទុកបុគ្គល ប៊ុត ប៊ុនតិញ នេះជាទុព្វចជាតិកបុគ្គល (បុគ្គលរបឹងរឹងរូសជាអ្នកប្រដៅក្រ) យល់ខុសដោយខ្លួនឯង ឆ្កួតដោយខ្លួនឯង មានភាពល្ងង់ខ្លៅខ្វះវិចារណញ្ញាណ ខ្វះសុភវិនិច្ឆ័យ ខ្វះចំណេះដឹងផ្នែកភាសាបាលី តែបែរជាហ៊ានលើកឡើងផ្តេសផ្តាស និងបកស្រាយខុសទាំងងងឹតងងុល៕