គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសព័ត៍មានស្តីពីកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាង គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម និងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាង គណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ នាថ្ងៃទី២១ និង ២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
សេចក្តីប្រកាសព័ត៍មាន បានឲ្យដឹងថា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម ដឹកនាំដោយ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម បានជួបពិភាក្សាការងារក្នុង កិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងគណបក្សទាំងពីរកម្ពុជា-វៀតណាម នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។
។ភាគីទាំងពីរបានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែង ចំពោះការរីកចម្រើនឥត ឈប់ឈរនៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី ទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការជិត ស្និទ្ធរវាងប្រទេសទាំងពីរលើគ្រប់វិស័យមានជាអាទិ៍៖ នយោបាយ សន្តិសុខ ការពារជាតិ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ និងទេសចរណ៍ ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។
ភាគីទាំងពីរបានជូនព័ត៌មានគ្នាទៅវិញទៅមកអំពីសភាពការណ៍ជាតិ តំបន់ និងអន្តរជាតិ ព្រមទាំង ចែករំលែកអំពីបទពិសោធន៍ និងសភាពការណ៍លេចធ្លោនៃគណបក្ស និងប្រទេសនីមួយៗ ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ព្រមទាំងដាក់ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរក្នុងឆ្នាំបន្តបន្ទាប់។ ភាគីវៀតណាមបានអបអរសាទរដល់កម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះនិងធ្វើជាប្រធានដឹកនាំប្រកប ដោយភាពជោគជ័យ ចំពោះកិច្ចប្រជុំអន្តរជាតិសំខាន់ៗ ក្នុងឆ្នាំ២០២៤ ទាំងក្នុងក្របខណ្ឌគណបក្ស សភា និង រាជរដ្ឋាភិបាល ជាពិសេសការអនុម័តធម្មនុញ្ញសន្តិភាពសកល និងការលើកកម្ពស់ពិភពលោកមួយដែលគ្មានមីន។
ភាគីកម្ពុជាក៏បានអបអរសាទរចំពោះសមិទ្ធផលរបស់វៀតណាមក្នុងការកសាង និងអភិវឌ្ឍប្រទេស។ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការចាត់តាំងអនុវត្តស្មារតីកុងសង់ស៊ីសរវាងថ្នាក់ ដឹកនាំកំពូលនៃគណបក្សទាំងពីរក្នុងកិច្ចប្រជុំកន្លងមក ដើម្បីលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី ល្អ និងកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហានានាក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព ដោយបានបង្កើនជំនឿទុកចិត្តគ្នាទៅវិញទៅមកក្នុង ភាពជាមិត្តជិតខាងល្អ។ភាគីទាំងពីរនឹងបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការរវាងយុវជន នៃគណបក្ស និងប្រទេសទាំងពីរ ដើម្បី ជាស្ពានតភ្ជាប់បន្ថែមទៀត ដល់ការលើកកម្ពស់ទំនាក់ទំនងមិត្តភាព កម្ពុជា-វៀតណាម ក្នុងស្មារតី «តភ្ជាប់ យុវជន តភ្ជាប់ជំនាន់ និងតភ្ជាប់ភាពជាអ្នកដឹកនាំ»។
ភាគីទាំងពីរក៏នឹងបន្តគាំទ្រគ្នាទៅវិញទៅមក និងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌគណបក្ស សភា រាជរដ្ឋាភិបាល និងអង្គការមហាជនរវាងប្រទេសទាំងពីរ ដើម្បី ចូលរួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតំបន់ និងពិភពលោក។
សេចក្តីប្រកាសព័ត៍មានដដែលបានឲ្យដឹងទៀតថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ក៏មានការជួបប្រជុំកំពូលរវាងគណបក្សទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ថងលុន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ និងឥស្សរជនជាន់ខ្ពស់ជាថ្នាក់ដឹកនាំបក្សប្រជាជនបដិវត្តន៍ឡាវ រួមទាំងមានការអញ្ជើញ ចូលរួមដ៏ខ្ពង់ខ្ពស់ពីនាយករដ្ឋមន្ត្រី នៃប្រទេសទាំងបី ផងដែរ ដើម្បីពិភាក្សាអំពីទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងបីកម្ពុជា-ឡាវ-វៀតណាម ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ដើម្បី ឯករាជ្យភាព អធិបតេយ្យភាព សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ជាប្រយោជន៍ប្រជាជនន ប្រទេសទាំងបី។ ភាគីទាំងបីក៏បានពិភាក្សាអំពីការជំរុញការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ឱ្យបានឆាប់រហ័ស ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ និង បានប្តេជ្ញាចិត្តចូលរួមជំរុញ និងពង្រឹងសហគមន៍អាស៊ាន ដើម្បីការពារសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មសេដ្ឋកិច្ចនិងសន្តិសុខតំបន់និងពិភពលោក ជាពិសេសនៅក្នុងបរិបទនៃសភាពការណ៍អន្តរ ជាតិ និងភូមិសាស្ត្រនយោបាយ បន្តប្រែប្រួលយ៉ាងឆាប់រហ័ស ពិបាកប៉ាន់ស្មាន ស្មុគស្មាញ និងផុយស្រួយ។
ភាគីទាំងបីបន្តពង្រឹង និងពង្រីកប្រកបដោយប្រសិទ្ធភាពបណ្ដាយន្តការសហប្រតិបត្តិការដែលមាន ស្រាប់ ស្រាវជ្រាវបង្កើតយន្តការសហប្រតិបត្តិការថ្មី ក្នុងនោះរួមមាន ៖ ការផ្សព្វផ្សាយ និងការតភ្ជាប់បណ្តាញ សន្តិភាពសកល គំនិតផ្ដួចផ្ដើមតំបន់នានា សំដៅលើកកម្ពស់ប្រសិទ្ធភាព កិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែក ដល់ការកសាង និងការពារសន្តិភាព វិបុលភាពតំបន់ និងពិភពលោក។ក្នុងស្មារតីសាមគ្គីភាព មិត្តភាព ជឿទុកចិត្តគ្នាទៅវិញទៅមក កិច្ចប្រជុំកំពូលទ្វេភាគីកម្ពុជា-វៀតណាម ព្រមទាំងកិច្ចប្រជុំកំពូលគណបក្សទាំងបី កម្ពុជា-ឡាវ-វៀតណាម ទទួលបានលទ្ធផលល្អប្រសើរ ដែលជាគុណ ប្រយោជន៍ដ៏ឧត្ដុង្គឧត្ដមដល់ការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងគណបក្ស និងប្រទេសទាំងពីរកម្ពុជា-វៀតណាម និងរវាងប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម។ ថ្នាក់ដឹកនាំនៃគណបក្សទាំងបីបានឯកភាពគ្នាជួបប្រជុំកំពូល នៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០២៦ ខាងមុខ៕



