ព្រះមហាក្សត្រ យាងថ្វាយព្រះរាជ​បដិ​សណ្ឋារកិច្ច​ផ្លូវការ​ជូន​ប្រធាន​រដ្ឋ ឡាវ នៅ​ព្រះ​បរម​រាជវាំង

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងថ្វាយព្រះរាជបដិសណ្ឋារកិច្ចផ្លូវការជូនឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រះបរមរាជវាំង នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសនៃដំណើរទស្សន កិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានរដ្ឋ នៅកម្ពុជា។

តបតាមការយាងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ០៤ ដល់ទី ០៦ ខែឧសភា ឆ្នាំ២០២៣។

ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត នឹងអញ្ជើញចូលរួមក្នុងពិធីបើកនៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាជនពិការអាស៊ានលើកទី១២ នៅពហុកីឡាដ្នានជាតិមរតកតេជោ ដែលកម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ពីថ្ងៃទី ០៥ ដល់ទី ១៧ ខែឧសភា ឆ្នាំ២០២៣៕

រូបថត៖ ព្រះបរមរាជវាំង