សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សង្វេគលោក សម រង្ស៊ី ដែលជាមនុស្សអង្គុយលើចង្អេរ លើកខ្លួនឯង

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងការអាណិត និងសង្វេគលោក សម រង្ស៊ី អ្នកនយោបាយចាស់វស្សា ដែលមនុស្សអង្គុយលើចង្អេរ លើកខ្លួនឯង។

សម្តេចបវរធិបតី បានសរសេរនៅលើបណ្តាញសង្គម ជាមួយនឹងការចែករំលែកវីដេអូ ប្រតិកម្មរបស់ស្រ្តីម្នាក់ចំពោះ លោក សម រង្ស៉ី យ៉ាងដូច្នេះថា៖ «ប្រហែលជាមកពីគាត់គ្មានមុខរបរប្រចាំថ្ងៃពិតប្រាកដ បានជា លោក សម រង្ស៊ី ឃើញតែដើរកាន់មេក្រូច្រៀងតាមហាង និងតាមវត្តនៅក្រៅប្រទេស ដើម្បីរៃអង្គាសលុយផ្គត់ផ្គង់ការចំណាយរបស់គាត់។ បទចម្រៀងរបស់គាត់មានខ្លឹមសារដដែលៗ គឺគ្មានអ្វីក្រៅពីការវាយប្រហារនិងមើលងាយអ្នកផ្សេង ជាពិសេសមកលើរូបខ្ញុំនិងក្រុមគ្រួសារ ក៏ដូចជាអំពាវនាវឱ្យប្រជាពលរដ្ឋផ្ដួលរដ្ឋាភិបាល»។

សម្តេចបានបន្តថា៖ «ក្តីស្រមៃរបស់គាត់មានតែមួយគត់តាំងពីដើមរហូតដល់ដំណាក់កាលចុងក្រោយនៃជីវិតរបស់គាត់ គឺចង់អង្គុយលើកៅអីនាយករដ្ឋមន្ត្រី។ បើដណ្ដើមមិនបានតាមការបោះឆ្នោត គឺមានតែជំរុញមនុស្សឱ្យទៅដណ្តើមយកឱ្យគាត់ ក្រោមរូបភាពបដិវត្តន៍ប្រឆាំងរដ្ឋអំណាច។ តាមព័ត៌មានក្រៅផ្លូវការដែលទទួលបានចុងក្រោយនេះ គឺថា លោក សម រង្សី ចង់បង្កើតរដ្ឋាភិបាលនិរទេសមួយ ហើយចាត់តាំងខ្លួនឯងធ្វើជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលនិរទេសនោះ😅»។

«ខ្ញុំឃើញប្អូនស្រី សំ សុខា ដែលធ្លាប់ជាអ្នកដើរតាម លោក សម រង្ស៊ី និយាយក្នុងវីដេអូខ្លីមួយនេះ។ សំដីរបស់ប្អូនស្រីហាក់ធ្វើឱ្យខ្ញុំមានអារម្មណ៍អាណិតលោក សម រង្ស៊ី ទៅវិញ ព្រោះគាត់ហាក់ដូចជាមានការស្រមើស្រមៃនិងវិលវល់ច្រើន រហូតដល់មានមោទនភាពលើខ្លួនឯងពេក — ដូចពាក្យខ្មែរមួយឃ្លាថា មនុស្សអង្គុយលើចង្អេរ លើកខ្លួនឯង — ព្រមទាំងមើលងាយគេដូចគ្មានអ្នកណាចេះដល់ខ្លួន។ គួរឱ្យសង្វេគដែរ សម្រាប់អ្នកនយោបាយចាស់វស្សាម្នាក់នេះ »។ នេះជាការបញ្ជាក់បន្ថែមពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត៕