សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរចំពោះការខិតខំ​បំពេញកា​រ​ងា​រ​រ​បស់ ​អង្គការចាត់តាំងយុ​វជនគណបក្សប្រជាជ​នកម្ពុជានៅ​ក្រៅប្រទេស

ពិធីជួបជុំសំណេះ សំណាល និងពិសារអាហារសាមគ្គី ដើម្បីអបអរសាទរខួប១០ឆ្នាំ នៃការបង្កើតអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស បានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ ពិធីដ៏មានអត្ថន័យនេះ មានការចូលរួមពីសមាជិក សមាជិក អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រមាណជាង៣ពាន់នាក់។

ថ្លែងនៅក្នុងពិធីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស ដែលក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ បានពុះពារនូវរាល់ការលំបាក់គ្រប់បែបយ៉ាង ក្នុងការធ្វើទំនាក់ទំនងប្រកបដោយស្មារតីគោរពស្រឡាញ់ ចំពោះជនរួមជាតិខ្មែរយើងរស់នៅក្រៅប្រទេស បើទោះបីជាមានការរំខានពីក្រុមជ្រុលនិយមមាននិន្នាការនយោបាយប្រឆាំងជាមួយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនាពេលនោះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់ផ្នែកទាំងអស់ របស់អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស បន្តធ្វើអំពើល្អ ជួយ​សម្រប​សម្រួលនិង​ដោះស្រាយ​នូវរាល់បញ្ហាប្រឈមនានា ដែលជនរួមជាតិខ្មែររស់នៅក្រៅប្រទេស ជួបការលំបាក ពិសេសទាក់ទិនទៅនិងបែបបទផ្នែកច្បាប់មួយចំនួន ដែលទាក់ទិនទៅនិងការធ្វើដំណើរ និងការស្នាក់របស់ជនរួមជាតិ។

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសរំលេចថា សម្តេចផ្ទាល់និងក្រុមការងារទាំងអស់ មានអនុស្សាវរីយ៍ជាច្រើនរាប់មិនអស់ ក្នុងការកសាងអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ពិសេសការម៉ាក់ងាយពីក្រុមជ្រុលនិយមមួយចំនួន។ សម្តេចក៏បានសំដែងនូវមោទនភាពក្នុងការកសាងកំលាំង របស់អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ដែលរហូតមកដល់ពេលនេះ មានការកើនឡើងរហូតដល់ជាង១៥ម៉ឺននាក់។

ជាមួយគ្នានេះ ឯកឧត្តម គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក៏បានបញ្ជាក់ដែរថា ក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេសត្រូវបានបង្កើតឡើង​ដោយរៀបចំចាប់ពីត្រឹមមនុស្ស ១០នាក់ ចេញធ្វើសកម្មភាពកសាងសមាជិកបក្សពីចំនួនជាង ៥ពាន់នាក់ ដែលមានត្រឹមតែ ៦ប្រទេស មកដល់ពេលនេះ កើនដល់ជាង ១៦ម៉ឺននាក់ លើប្រទេសចំនួន ២០។

ឯកឧត្តម គឹម សន្តិភាព បានបន្តថា​ គោលដៅចម្បងរបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស គឺឈរលើឆន្ទៈ និងមនសិកាក្នុងការចេញទៅផ្សព្វផ្សាយការពិត និងសមិទ្ធផលរបស់កម្ពុជាជូនដល់បងប្អូនខ្មែរដែលកំពុងរស់នៅក្រៅប្រទេស ហើយចាត់ទុកក្រុមការងារ និងសមាជិកទាំងអស់ជាក្រុមគ្រួសារតែមួយ ដោយជួយគ្នាក្នុងគ្រាលំបាក និងមានតម្រូវការផ្សេងៗ។

អត្ថបទ៖ ពុទ្ធិកា