សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមជ្រុលនិយមថា បើមិនចេះដោះស្រាយរឿងកំបុិចកំប៉ុកសូមកុំប្រាថ្នាធ្វើអ្នកធំធ្វើអី

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តាំផ្ញើទៅក្រុមជ្រុលនិយមបានវាយប្រហារសម្តេចថា មកគិតរឿងកូនឆ្កែកំបុិកកំប៉ុកមិនគិត រឿងជាតិធំៗ។ សម្តេចតេជោ តែងតែប្រាប់ទៅគេ
វិញថា បើមិនចេះដោះស្រាយរឿងកំបុិចកំប៉ុកសូមកុំប្រាថ្នាធ្វើអ្នកធំធ្វើអី។

សម្តេចតេជោបានលើកឡើងបែបនេះ ដោយបានភ្ជាប់នឹងករណីយុវជននៅខេត្តក្រចេះមួយរូប ឈ្មោះ ណន សុខហេង ដែលសម្តេចបានជួយសម្របសម្រួលបញ្ចប់ជម្លោះករណីសត្វឆ្កែ កាលពីខែតុលា ឆ្នាំ២០២៤។

សម្តេចតេជោបានឲ្យដឹងលើទំព័រហ្វេសប៊ុកនៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា បន្ទាប់ពីបានសម្របសម្រួលបញ្ចប់ជម្លោះរវាង ចៅ ណន សុខហេង អាយុ២២ឆ្នាំរស់នៅក្រុងក្រចេះ ខេត្តក្រចេះ និងថៅកែ ឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន«ស៊ាង ឡង មីងស៊ូ» លក់ និងផ្គត់ផ្គង់សម្ភារៈការពារជម្រាបទឹក កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា ដោយមានការចូលរួមពីគណៈកម្មកាធិការនីតិកម្មព្រឹទ្ធសភា ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជានិងស្នងការរាជធានីភ្នំពេញ រហូតមកដល់ថ្ងៃនេះ គឺមានរយៈពេល ៣ខែ ៥ថ្ងៃហើយ។

នៅពេលការសម្របសម្រួលបញ្ចប់រួចហើយនោះ សម្តេចក៏បានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារសហរដ្ឋអាមេរិក និង ៣៥លានរៀល ព្រមទាំងបានបង្កើតអាជីវកម្មឡដុតនំប៉័ងមួយនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដល់យុវជន ណន សុខហេង ដើម្បីប្រកបរបរចិញ្ចឹមគ្រួសារ។

បើតាមសម្តេចតេជោ ពេលនេះ ចៅ ណន សុខហេង បានផ្ញើរូប និងប្រាប់មកក្រុមជំនួយការសម្តេចថា ឡដុតនំបុ័ងបានធ្វើរួចរាល់ ហើយចៅក៏រៀនចេះពីវិធីដុតនំប៉័ង និងបានចាប់ផ្ដើមអាជីវកម្ម ដុតនំប៉័ងលក់បាន៣ថ្ងៃរួចហើយ ដោយបានដាក់ឈ្មោះហាងថា « ហាងនំប៉័ងសម្ដេចតាចិត្តធម៌ »។

តាមរយៈបណ្តាញសង្គម សម្តេចតេជោ ក៏បានផ្តាំផ្ញើដល់យុវជន ណន សុខហេង ឲ្យបន្តខិតខំយកចិត្តទុកដាក់រៀនវិជ្ជាជីវៈអាជីវកម្មឡដុតនំប៉័ង និងត្រូវផលិតឲ្យមានគុណភាព មានអនាម័យ ឆ្ងាញ់ និងតម្លៃសមរម្យ ហើយត្រូវឈានទៅរកការផលិតនំផ្សេងទៀត ដូចជានំបុណ្យខួបកំណើតជាដើម ដើម្បីឲ្យមានការប្រកួតប្រជែងទាំងគុណភាព​ទាំងរសជាតិ និងតម្លៃ៕