ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែ​ត៖ សន្តិភាព បាន​ប្រែ​ក្លាយ​តំប​ន់​​​ស្រុក​​លើក​ដែក ពីសម​រភូមិ​​​ប្រយុទ្ធ​មក​​ជា​តំបន់​អភិ​វឌ្ឍ​រីក​ចម្រើន

ថ្លែងពីស្រុកលើកដែក ខេត្តកណ្តាល នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីបញ្ចុះខណ្ឌសីមា និង​សម្ពោធសមិទ្ធផលនានា ក្នុង​​វត្តបទុមវង្សា ហៅវត្តកំពង់ភ្នំក្រៅ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បាន​លើក​ឡើងថា សុខសន្តិភាព បានប្រែក្លាយ​តំបន់​ស្រុកលើ​កដែក​ ពីសមរភូមិប្រយុទ្ធ​ក្នុងសម័យកាល​សង្គ្រាម ឱ្យទៅជាមានការអភិវឌ្ឍរីកចម្រើនប្រែមុខមាត់ និងការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន យ៉ាងប្រទាក់ក្រទ្បា។

ជាក់ស្តែង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថាគម្រោងធំៗរបស់រាជរដ្ឋាភិបាលក្នុងតំបន់នេះ មានដូចជា គម្រោងផ្លូវល្បឿន​លឿន​ ភ្នំពេញ-បាវិត និងគម្រោងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គតភ្ជាប់​ទៅកាន់​ផ្លូវល្បឿន-លឿន ភ្នំពេញ-បាវិត ជា​ដើម។ ហើយគម្រោងទាំងនេះ ក៏នឹងផ្សារភ្ជាប់ស្រុកលើក​ដែក ទៅ​តំបន់​​ឧស្សាហកម្មជុំវិញ ដែលធ្វើឱ្យស្រុកលើកដែក កាន់​តែមានសក្តានុពលសម្រាប់សេដ្ឋកិច្ច និងការ​បង្កើន​ឱកាសការងារបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ក៏ដូចជា​នៅ​ទូទាំង​ខេត្តកណ្តាល ចំពោះសមិទ្ធផលថ្មីៗជាច្រើន ដែលបាននិងកំពុងរីកលូតលាស់​បន្ថែមទៀតក្នុងវត្តបទុមវង្សា ហៅវត្តកំ​ពង់​ភ្នំក្រៅ ក្រោមស្មារតីរួបរួមគ្នាប្រកបដោយសទ្ធាជ្រះថ្លានិង​សប្បុរស​របស់ពុទ្ធបរិស័ទ ជិតឆ្ងាយ ព្រមជាមួយនឹងការគាំទ្រ​បង្កលក្ខណៈគ្រប់បែបយ៉ាងពី​សំណាក់​រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ៕ អត្ថបទ៖ សីហា