តាមរយៈសំណេរនៅលើបណ្តាញសង្គម នៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសរសេររៀបរាប់ថា ប៉ុន្មានថ្ងៃនេះ សម្តេចឃើញមានការចែករំលែកវីដេអូនៃបទសម្ភាសន៍របស់អ្នកនយោបាយចាស់វស្សា និងជាជនឱកាសនិយម សម រង្ស៊ី ជាមួយ The Cambodia Daily នៅថ្ងៃ ១២ កញ្ញា ២០២៤ ដែលបានធ្វើការរិះគន់ទៅលើបុគ្គលបុគ្គលិកលក្ខណៈរបស់លោក Donald Trump ដែលពេលនោះជាបេក្ខជនប្រធានាធិបតី ដោយថាលោក Donald Trump ជាមនុស្សនិយាយមិនពិត និងចូលចិត្តធ្វើប្រជាភិថុតជាដើម។

ឃើញវីដេអូនេះបានធ្វើឲ្យ សម្តេចនឹកឃើញនៅពេលកន្លងមក ដែលសម្តេចតែងតែឃើញអ្នកនយោបាយចាស់វស្សានិងជាជនឱកាសនិយម សម រង្ស៊ី តែងតែយកខ្លួនទៅភ្ជាប់ជាមួយនឹងអ្នកដែលឈ្នះ ដូចជាលោកស្រី អ៊ុង សានស៊ូជី នៅភូមាកាលពីលោកស្រីឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៥។ ហើយតែងតែដាក់ខ្លួនឆ្ងាយពីបុគ្គលដែលចាញ់ឬមានបញ្ហា។
ការដែលលោក សម រង្ស៊ី ហ៊ាននិយាយបែបនេះនៅក្នុងរយៈពេលជាង ១ខែមុនការបោះឆ្នោតនៅសហរដ្ឋអាមេរិក ប្រហែលជាគាត់គិតថាប្រធានាធិបតី Donald Trump នឹងមិនទទួលបានជោគជ័យក្នុងការបោះឆ្នោតដែលនឹងប្រព្រឹត្តិទៅនៅខែវិច្ឆិកានោះនោះទេ បើយោងតាមការស្ទង់មតិជាច្រើននាពេលនោះ។ តែផ្ទុយទៅវិញប្រជាពលរដ្ឋអាមេរិកបានបោះឆ្នោតឲ្យលោក Donald Trump ឈ្នះ និងក្លាយជាប្រធានាធិបតីទី ៤៧ របស់អាមេរិក។

ជាមួយគ្នានេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី រង់ចាំមើលថាតើ អ្នកនយោបាយចាស់វស្សានិងជាជនឱកាសនិយម សម រង្សី ដែលតែងតែអួតពីការគាំទ្ររបស់អាមេរិក នឹងស្នើសុំការជួយពីរដ្ឋបាលរបស់លោក Donald Trump យ៉ាងណាទៀតទៅ។ តើគាត់ត្រូវធ្វើមុខក្រាស់ ឬដាក់ខ្លួនហើយបែរមកនិយាយល្អអំពីលោក Donald Trump ដើម្បីបានការជួយឬទេ? បើភស្តុតាងដែលបង្ហាញអំពីការរិះគន់វាយប្រហារបស់គាត់លើ បុគ្គលិកលក្ខណៈរបស់លោក Donald Trump មានច្បាស់យ៉ាងនេះ។ សង្ឃឹមថាគាត់មិនចោទថាការសម្ភាសន៍នេះក្លែងក្លាយ ហើយជាការកាត់តតាមប្រព័ន្ធ AI ទៅចុះ។
សម្តេចបវរធិបតី ជឿថាមានមនុស្សជាច្រើនក៏នឹងកំពុងរង់ចាំមើលអាកប្បកិរិយា និងសកម្មភាពរបស់អ្នកនយោបាយចាស់វស្សាឱកាសនិយមម្នាក់នេះ ជាមួយរដ្ឋាភិបាលលោក Donald Trump ទៅយ៉ាងណា?
អត្ថបទ៖ ពុទ្ធិកា