ភ្នំពេញ ៖ ក្នុងសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស “ទិវាសេរីភាពសារព័ត៌មានសកលលោក” លើកទី៣០ ថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សូមចូលរួមអបអរសាទរជាមួយបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានសកលលោក លើកទី៣០ ដែលពិធីនេះតែងតែប្រារព្ធឡើងនាថ្ងៃទី៣ ខែឧសភា ជារៀងរាល់ឆ្នាំ ដើម្បីលើកស្ទួយសិទ្ធិ សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ។
ទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី៣០ ឆ្នាំ២០២៣នេះ គាប់ជួនគ្នាជាមួយនឹងខួបទី៣០ នៃសន្និសីទក្រុងវីយែន និងសេចក្តីប្រកាសស្តីពីកម្មវិធីសកម្មភាពសិទ្ធិមនុស្ស និងខួបលើកទី៧៥នៃ សេចក្តីប្រកាសជាសកលស្តីពីសិទិ្ធមនុស្សដែលធ្វើឱ្យទិវានេះកាន់តែមានសារសំខាន់ថែមទៀតក្នុង ការគាំពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មាននៅទូទាំងសកលលោក។
ទិវាសេរីភាពសារព័ត៌មានសកលលោកឆ្នាំ២០២៣នេះ បានលើកយកប្រធានបទស្តីពី “ការកំណត់អនាគតនៃសិទ្ធិ៖ សេរីភាពនៃការបញ្ចេញមតិជាកម្លាំងចលករនៃសិទ្ធិមនុស្សដទៃទៀត” ស្របពេល ដែលពិភពលោកទាំងមូលកំពុងជួបប្រទះវិបត្តិនយោបាយ និងសេដ្ឋកិច្ចសកល បង្កឱ្យកើតមានបញ្ញ ជាច្រើនដូចជា ជម្លោះប្រដាប់អាវុធ អំពើហិង្សា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ការអនុវត្តស្តង់ដាពីរនូវសិទ្ធិ សេរីភាពនៃការបញ្ចេញមតិតាមរយៈការបិទប្រព័ន្ធផ្សព្វផ្សាយរុស្សីពីសំណាក់លោកខាងលិច ដែល ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្ស វិសមភាពប្រតិបត្តិការពាណិជ្ជកម្មសកល សេរីភាពនៃការបញ្ចេញមតិ ការធ្វើចំណាកស្រុក និងបញ្ហាប្រឈមជាច្រើនទៀតរបស់ប្រជាជននៅទូទាំងសកលលោក ព្រមទាំង ការរីកសាយភាយនព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ដែលធ្វើប៉ះពាល់ដល់កិត្តិយស និងសិទ្ធិ បុគ្គលឯកជន លិទ្ធិប្រជាធិបតេយ្យ ដែលទាមទារឱ្យស្ថាប័នអន្តរជាតិ ស្ថាប័នរដ្ឋ ស្ថាប័នសារព័ត៌មានអ្នកសារព័ត៌មាន និងដៃគូពាក់ព័ន្ធទាំងអស់ស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីធានាបាននូវសេរីភាព សារព័ត៌មាន និងសេរីភាពនការបញ្ចេញមតិប្រកបដោយចីរភាពសម្រាប់សកលលោកទាំងមូល។
សម្តេចតេជោហ៊ុន សែន សម្តែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ ចំពោះសា្ថប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលបានខិតខំរួមចំណែកក្នុងការ បំពេញការងារជូនប្រទេសជាតិនាពេលកន្លងមក ទោះបីរងផលប៉ះពាល់នៃវិបត្តិនយោបាយសកល វិបត្តិនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល ក៏បងប្អូនអ្នកសារព័ត៌មាន បានខិតខំពុះពារជំនះរាល់ឧបសគ្គក្នុងការស្វែងរកព័ត៌មាន ដែលបានកើតឡើងទាំងនៅក្នុងប្រទេស និងនៅលើសកលលោក ដើម្បីធ្វើការចែករំលែក និងផ្សព្វផ្សាយជូនសាធារណជនបានជ្រួតជ្រាប យល់ដឹងអំពីបញ្ហានយោបាយសេដ្ឋកិច្ច សង្គម និងបញ្ហាផ្សេងៗទៀតដែលទាក់ទងទៅនឹងជីវភាព ប្រចាំថ្ងៃរបស់ពួកគេបានរហ័សទាន់សភាពការណ៍ ដែលធ្វើឱ្យព័ត៌មានទាំងឡាយនៅលើសកលលោក សិ្ថតនៅលើម្រាមដៃរបស់មនុស្សក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។
សម្តេចតេជោហ៊ុន សែន ក៏សូមយកឱកាសនេះបញ្ជាក់ជូនជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការប្ដេជ្ញាចិត្ត ក្នុងការគាំពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈការប្ដេជ្ញាចិត្តនេះបានធ្វើឱ្យ វិស័យសារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនគួរជាទីមោទកៈដោយមធ្យោបាយ នៃប្រព័ន្ធផ្សព្វផ្សាយកាន់តែទំនើប និងសម្បូរបែបដែលអាចឱ្យប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស បានទទួលព័ត៌មានយ៉ាងទូលំទូលាយទាន់ពេលវេលា និងគ្រប់ទីកន្លែង។
ទន្ទឹមនឹងការរីកចម្រើន ប្រព័ន្ធផ្សព្វផ្សាយដ៏សម្បូរបែប និងបរិមាណអង្គភាពសារព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានដ៏ច្រើន លើសលប់នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ក៏យើងត្រូវគិតគូរអំពីគុណភាព និងការទទួល ខុសត្រូវរបស់អ្នកសារព័ត៌មានផងដែរ។ ព្រោះប្រព័ន្ធផ្សព្វផ្សាយ ជាអាវុធមុខពីរដែលធ្វើឱ្យប្រទេសជាតិ មានការរីកចម្រើនតាមរយៈការចូលរួមរបស់អ្នកសារព័ត៌មាន ក្នុងការអភិវឌ្ឍប្រទេសជាតិ ការថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយដែលធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន ហើយប្រព័ន្ធផ្សព្វផ្សាយ ក៏អាចធ្វើឱ្យប្រទេសជាតិជួបប្រទះភាពចលាចល វឹកវរ នៅក្នុងសង្គមតាមរយៈការផ្សាយព័ត៌មានមិន ពិត ព័ត៌មានក្លែងក្លាយ និងព័ត៌មានញុះញង់បំពុលសង្គមដែលអាចធ្វើឱ្យប្រទេសជាតិអន្តរាយ ដែល ទាមទារឱ្យយើងទាំងអស់គា្ន ជាពិសេសស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានត្រូវតែចូលរួមប្រយុទ្ធ ប្រឆាំងព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ព័ត៌មានញុះញង់ដែលបង្កឡើងដោយក្រុមឱកាសនិយម មួយក្ដាប់តូច និងជនខិលខូចជ្រូកក្រោមស្លាកសារព័ត៌មានដើម្បីបំរើផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឱ្យ ប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិជាតិ និងកិត្តិយស សេចក្តីថ្លថ្នូររបស់អ្នកសារព័ត៌មាន និង សា្ថប័នសារព័ត៌មានទាំងមូល។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សូមបញ្ជាក់ជូនបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ថា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ កម្ពុជានឹងរៀបចំពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ខ្ញុំសូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលនឹងចូលរួមបំពេញការងារក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សូមឱ្យគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈ បទបញ្ជា និងបទប្បញ្ញត្តិរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការចូលយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន ដោយរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយនៅតាមទីលានប្រកួត និងតាមទីតាំងផ្សេងៗ ដើម្បីឱ្យការ រៀបចំការប្រកួតបានប្រព្រឹត្តិទៅដោយភាពលូន គ្មានការរំខានដល់ការប្រកួត និងចូលរួមផ្សព្វផ្សាយ ឱ្យបានទូលំទូលាយនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ដែលរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិជូនប្រព័ន្ធ ផ្សព្វផ្សាយជាតិ និងអន្តរជាតិធ្វើការផ្សព្វផ្សាយដោយឥតគិតថ្លៃ និងចូលទស្សនាព្រឹត្តិការណ៍ ពិធីបើក-បិទ និងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដោយឥតគិតថ្លៃ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏សូមអំពាវនាវដល់បងប្អូនអ្នកសាររព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុង បំពេញបេសកកម្មលើវិស័យព័ត៌មានទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងនៅលើសកលលោក សូមយកចិត្តទុកដាក់អនុវត្តភារកិច្ចឱ្យបានត្រឹមត្រូវតាមក្រុមសីលធម៌វិជ្ជាជីវៈ និងខិតខំអភិវឌ្ឍ សមត្ថភាពរបស់ខ្លួនបន្ថែមទៀត ទាំងផ្នែកជំនាញបច្ចេកទេស ទាំងការផលិត និងផ្សព្វផ្សាយព័ត៌មាន ដើម្បីបង្កើនជំនឿទុកចិត្តដល់សាធារណជន និងឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឌីជីថល ដើម្បីធ្វើការប្រកួតប្រជែងទីផ្សារឱ្យមានសក្តានុពលថែមទៀតចៀសវាងការ ផ្សាយព័ត៌មានបំភ្លឺការពិតដែលធ្វើឱ្យសាធារណជនបាត់បង់ជំនឿ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លថ្នូររបស់អ្នកសារព័ត៌មាន និងតម្លៃរបស់ស្ថាប័នសារព័ត៌មានទាំងមូល៕