ដើម្បីការពាររាល់សមិទ្ធផល សង្គមជាតិ និងសម្រេចនូវសមិទ្ធផលធំៗថ្មីៗទៀត សន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៥-២៦ ខែមករា ឆ្នាំ២០២៥ នៅស្នាក់ការកណ្តាលគណបក្ស វិមាន៧មករា រាជធានីភ្នំពេញ បានដាក់ចេញទិសដៅសំខាន់ៗនៅក្នុងឆ្នាំ ២០២៥ គឺ៖
-ពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញ និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ការពារ យ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។
-ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឱ្យកម្លាំងអមិត្តណា ឬក្រុមជ្រុល និយមណាមកបង្កកលិយុគបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាបានឡើយ។ ក្នុងស្មារតីនេះ បន្ត លើកកម្ពស់ការអនុវត្តពាក្យស្លោក «អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!»។ បំផុសស្មារតីប្រជាជនទាំងមូលឱ្យយល់ច្បាស់អំពី «គុណតម្លៃនៃសុខសន្តិភាព» ហើយចូលរួមថែរក្សា និងការពារ ឱ្យបានដាច់ខាតនូវ «សុខសន្តិភាព» ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍ ជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា។
-គាំទ្រពេញទំហឹងដល់ការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីធានាការអនុវត្តដោយជោគជ័យនូវកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល និងមានអាទិភាពគន្លឹះ ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សំដៅជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងកសាងមូលដ្ឋានឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។ ព្រម ជាមួយនោះ សន្និបាតគាំទ្រយ៉ាងមុតមាំចំពោះវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម សំដៅធានាដំណើរការអភិវឌ្ឍន៍ និងការពារកិត្តិយសរបស់កម្ពុជាលើឆាកអន្តរជាតិ។
-បន្តពង្រឹងលទ្ធិប្រជាធិបតេយ្យ លើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋតាមគន្លងនីតិរដ្ឋ បង្កើនការ អប់រំ និងការអនុវត្តច្បាប់ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និង មជ្ឈដ្ឋានចម្រើនជឿនលឿនទាំងអស់ ដើម្បីការពារ សន្តិភាព ជំរុញការអភិវឌ្ឍជាតិ និងពង្រឹងសុខដុមនីយកម្មសង្គម។
-រក្សាស្ថិរភាពក្នុងការរស់នៅ និងសុខុមាលភាពរបស់ប្រជាជនគ្រប់រូបតាមរយៈការថែទាំសុខភាព ការបង្កើន ការងារធ្វើ ការពង្រីកមុខរបរចិញ្ចឹមជីវិត ការបណ្តុះបណ្តាលមុខជំនាញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការដោះស្រាយ ថ្លៃកសិផល ការពង្រឹងសុវត្ថិភាពភូមិ ឃុំ សង្កាត់ និងជាពិសេសការពង្រឹងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខ សង្គម ឱ្យកាន់តែមានវិសាលភាព ប្រសិទ្ធភាព និងធានាចីរភាពខាងហិរញ្ញវត្ថុ ដោយត្រូវយកចិត្តទុកដាក់ជំរុញការ អនុវត្តកម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ ព្រមទាំងយុទ្ធសាស្ត្រជាតិអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល។
អង្គសន្និបាត បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែល មានការជឿជាក់ និងការគាំទ្រយ៉ាងមុតមាំដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារយៈពេល ៤៦ឆ្នាំ កន្លងមក នេះ ធ្វើឱ្យគណបក្សមានលទ្ធភាពពេញលេញក្នុងការបម្រើជាតិ និងប្រជាជន ប្រកបដោយជោគជ័យ។
គណបក្សប្រជាជនកម្ពុជា ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងមូល សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗទៀតក្នុងការកសាង និងការពារមាតុភូមិកម្ពុជា ឆ្ពោះទៅរកអនាគតដ៏រុងរឿងលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និតីរដ្ឋ និងអភិវឌ្ឍន៍៕




