ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការផ្តល់គោរមងារ និងសញ្ញាបត្រកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយស «មនុស្សសាស្ត្រ និងសាមគ្គីភាព»ដល់សម្តេច គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់សម្តេច និងប្រជាជនកម្ពុជាទាំងអស់។
ថ្លែងក្នុងពេលញ្ជើញទទួលគោរមងារកិត្តិយស កាលព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញអំពីទំនាក់ទំនងដែលមិនអាច កាត់ថ្លៃបានរវាងព្រះពុទ្ធសាសនា សន្តិភាព ការអភិវឌ្ឍ និង សន្តិសហវិជ្ជមាន ប្រកបដោយសុខដុមរមនានៃមនុស្សជាតិ ខណៈសម្តេចថា ការផ្តល់ជូននេះ គឺពិតជានិមិត្តរូបនៃពុទ្ធោវាទរបស់ព្រះសម្មាសម្ពុទ្ធដែលបានជ្រៀបចូលទៅក្នុងជីវិតរស់នៅរបស់មនុស្សលោក ទាំងទិដ្ឋភាពសង្គម វប្បធម៌ នយោបាយ និង សេដ្ឋកិច្ចផងដែរ។
ជាមួយគ្នានេះ សម្តេចតេជោបានគូសបញ្ជាក់ទៀតថា៖«កម្ពុជាបានប្រកាន់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលការណ៍នេះតំណាងឱ្យស្មារតី និងទស្សនវិជ្ជាតែមួយរបស់កម្ពុជា ហើយខ្ញុំមានមោទនភាពក្នុងការនិយាយថា ព្រះពុទ្ធសាសនាគឺជាមូលដ្ឋាន សម្រាប់ការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ ការកសាងជាតិឡើងវិញ ក្រោយជម្លោះក៏ដូចជាការចូលរួមស្ថាបនារបស់យើង»។
លើសពីនេះទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏វិសេសវិសាល និងកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់ អង្គការពុទ្ធសាសនិកពិភពលោក ក្នុងការផ្សព្វផ្សាយពុទ្ធោវាទរបស់ព្រះសម្មាសម្ពុទ្ធ ការលើកតម្កើងតម្លៃនៃព្រះពុទ្ធសាសនា និងការផ្សារភ្ជាប់ពុទ្ធបរិស័ទជុំវិញពិភពលោក ដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តមនៃសន្តិភាពសម្រាប់មនុស្សជាតិទាំងមូល។
ទន្ទឹមគ្នានេះ សម្តេចតេជោ ក៏បានគាំទ្រអស់ពីចិត្តចំពោះបេសកកម្ម និងចក្ខុវិស័យរបស់អង្គការ ពុទ្ធសាសនិកពិភពលោក ក្នុងការលើកកម្ពស់ការផ្សព្វផ្សាយអន្តរជំនឿបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍របស់មនុស្សជាតិ និងភពផែនដីរបស់យើង។ សម្តេចក៏សូមយកឱកាសនេះ កោតសរសើរចំពោះឥស្លាមសាសនា និងសាសនាផ្សេងដែលបាន រួមចំណែកដល់ការកសាងសន្តិភាព រក្សាសន្តិភាព និងការអភិវឌ្ឍកម្ពុជា រយៈពេលកន្លងមក និងបច្ចុប្បន្ននេះ៕