ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានទទួលគោរមងារកិត្តិយសធំៗចំនួន២ ក្នុងពេលតែមួយពីសាកលវិទ្យាល័យជាតិ ណេហ្គារី ប៉ាដាង និងអង្គការពុទ្ធសាសនិកពិភពលោក។
ក្រោយទទួលបានគោរមងារកិត្តិយសទាំងពីរខាងលើនេះរួចមក ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានលើកឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ឯកឧត្តមដូច្នេះថា៖«សូមអរគុណចំពោះការផ្តល់នូវមហាកិត្តិយស ពិធីប្រគល់គោរមងារកិត្តិយស “ពុទ្ធមាមកាភិបាល” នៃអង្គការពុទ្ធសាសនិកពិភពលោក “បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ” នៃសាកលវិទ្យាល័យជាតិ ណេហ្គារី ប៉ាដាង និងគោរមងារកិត្តិយស “ទីប្រឹក្សាជាន់ខ្ពស់” របស់អង្គការពុទ្ធសាសនិកពិភពលោក»។
ពិធីខាងលើនេះ គឺបានរៀបចំធ្វើឡើងនៅរមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រវត្តភ្នំ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ក៏មានការចូលរួមពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។
សូមជម្រាប់ដែរថា បើតាមតំណាងអង្គការពុទ្ធសាសនិកពិភពលោក បានឱ្យដឹងថា សមាជិកក្រុមប្រឹក្សា នៃអង្គការពុទ្ធសាសនិកពិភពលោក តំណាងឱ្យប្រទេសចំនួន ៥៥ ដែលកាន់ព្រះពុទ្ធសាសនា ពិតជាមានការកោតសរសើរចំពោះស្នាដៃរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានប្រកាន់ខ្ជាប់នូវការលើកកម្ពស់ និងអនុវត្តតាមគន្លងព្រះពុទ្ធសាសនា ជាពិសេសភាពជាអ្នកដឹកនាំរបស់ឯកឧត្តមបណ្ឌិត ក្នុងការលើកកម្ពស់ការអប់រំប្រជាពលរដ្ឋ អំពីសីលធម៌ទូទៅ និងក្រមសីលធម៌ បែបព្រះពុទ្ធសាសនា និងការលះបង់របស់ឯកឧត្ដមបណ្ឌិត ក្នុងការរក្សាឱ្យបាននូវសន្តិភាព វិបុលភាព ការសង្រ្គោះអាយុជីវិតរបស់ប្រជាជន ក្នុងអំឡុងនៃការរីករាលដាលនៃជំងឺកូវីដ-១៩ជាដើម៕ អត្ថបទ៖ ពិសី