ជាសរុបនៅឆ្នាំ២០២៤ កម្ពុជាប្រមូលផលស្រូវប្រមាណ ១៣លានតោនលើសឆ្នាំមុនប្រមាណកន្លះលានតោន និងលើសកាលពី៥ឆ្នាំមុនប្រមាណ ៣លានតោន។ ជាទូទៅកម្ពុជាផលិតស្រូវលើសពីតំរូវការក្នុងស្រុកប្រមាណ៥០ ភាគរយ ឬប្រមាណ ៦ លានតោន។ នេះជាជោគជ័យដ៏ធំមួយផ្នែកផលិតកម្មស្រូវក្នុងការធានាបាននូវសន្តិសុខស្បៀងជូនជាតិនិងចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិតាមរយៈការនាំចេញស្រូវអង្ករក្នុងបរិមាណជាមធ្យម៦ លានតោនស្រូវមួយឆ្នាំ (គណនាជាស្រូវ)។ នេះបើតាមការឱ្យដឹងពីលោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក យ៉ង សាំងកុមារ បានឲ្យដឹងថា គិតមកដល់ដើមខែធ្នូ ២០២៤ នេះនៅទូទាំងប្រទេសយើងប្រមូលផលសរុបបានជាង ១២លានតោនឬស្មើនឹងជាង៩០ ភាគរយនៃបរិមាណផលត្រូវប្រមូលសរុប។ជាទូទៅកសិករទទួលបានតម្លៃសមរម្យជាពិសេសស្រូវផ្ការំដួល សុម៉ាលី សែនក្រអូប និងស្រង៉ែ ដែលជាពពួកស្រូវមានតំរូវការខ្ពស់សម្រាប់ការនាំចេញ ដែលតម្លៃស្រូវផ្ការំដួលនៅតាមវាលជាមធ្យមចន្លោះពី ១២៥០ទៅ១៣០០ រៀលមួយគីឡូ។
បើតាមលោក យ៉ង សាំងកុមារ នៅពេលបច្ចុប្បន្នយើងកំពុងប្រមូលផលស្រូវចុងរដូវ (Late season rice) ដែលជាប្រភេទស្រូវធ្ងន់ដែលនៅសល់ប្រមាណកន្លះលានតោនទៀត ឬប្រមាណ ៥ភាគរយនៃផលសរុបប្រចាំឆ្នាំ ២០២៤ ។ ក្រុមស្រូវធ្ងន់ដូចជានាងខុន រាំងជ័យ និងពូជចំរុះផ្សេងទៀត ជាស្រូវដែលកសិករនិយមដាំសម្រាប់ទុកបរិភោគ(ដាំបាយឡើង) និងកែច្នៃធ្វើជានំបញ្ចុក គុយទាវ ។ល។
មន្ត្រីជានខ់្ពស់ក្រសួងកសិកម្មរូបនេះ បានបន្តថា ស្រូវធ្ងន់មានតំរូវការទីផ្សារក្នុងស្រុក តែមិនសូវមានតំរូវការនាំចេញទេដោយសារភាគច្រើនស្រូវនេះបាយមិនសូវទន់ គ្រាប់រាងខ្លី តែចំពោះទីផ្សារអង្ករកម្ពុជានៅក្រៅប្រទេសគេនិយមអង្ករគ្រាប់វែង (ចាប់ពី 6,6 mm ឬបណ្តោយគ្រាប់អង្ករស្មើនឹង 4 ទៅ 5 ដងនៃទទឹង) មានគុណភាពក្រអូប និងបាយទន់។
តែទោះជាយ៉ាងណាក៏ដោយក៏ក្រសួងកសិកម្ម សហព័ន្ធស្រួវអង្ករ និង ធនាគារ ARDB បន្តយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាទីផ្សារនិងតម្លៃស្រូវធ្ងន់ឬស្រូវចុងរដូវជូនកសិករយើងដោយសហការជាមួយរោងម៉ាស៊ីនធំៗចំនួន១៤ និងរោងម៉ាស៊ីនដែលកិនស្រូវលក់ក្នុងស្រុកផ្សេងទៀតក្នុងការប្រមូលទិញស្រូវធ្ងន់ក្នុងតម្លៃនៅរោងម៉ាស៊ីនចាប់ពី ៩០០ រៀលក្នុងមួយគីឡូ។
ខាងក្រោមនេះជាតារាងរោងម៉ាស៊ីនដែលសហការក្នុងការប្រមូលទិញស្រូវធ្ងន់។
តែទន្ទឹមនឹងនេះ លោក យ៉ង សាំងកុមារ ក៏សូមអំពាវនាវកសិករធ្វើការហាលស្រូវស្តុកទុកសម្រាប់បរិភោគនិងទុកលក់ខ្លះនៅពេលក្រោយ ពីព្រោះរោងម៉ាស៊ីនត្រូវការទិញស្រូវប្រភេទនេះជាប្រចាំដើម្បីកិនជាអង្ករលក់ក្នុងស្រុក៕