សម្តេច​តេ​ជោ ហ៊ុន សែន គ្រោង​ស្នើតែង​តាំង​លោក សួង សោ​ភ័ណ្ឌ ជារដ្ឋ​លេខា​​ធិការនៃ​​ទីស្ដី​ការ​គណៈ​រដ្ឋ​ម​ន្ត្រី ក្រោយ​សុំ​​ចូល​រួមជាមួយ​​បក្សប្រជាជន​កម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រោងស្នើតែងតាំងលោក សួង សោភ័ណ្ឌ ជារដ្ឋ​លេខា​ធិការនៃទី​ស្ដីការ​គណៈ​រដ្ឋមន្ត្រី ក្រោយពី​ប្រធានគណបក្សខ្មែរឈ្នះរូបនេះ បានប្រកាស​ចូលរួមជីវ​ភា​ព​នយោ​បាយ​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។

នៅលើ Channel Telegram សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ៖ “ក្នុងនាមគណបក្សប្រជាជន​កម្ពុជា​ខ្ញុំ​សូម​ស្វាគ​មន៍​យ៉ាង​កក់ក្តៅចំពោះលោក សួង សោភ័ណ្ឌ ដែលពេញចិត្តសុំ​មករួមជីវភាព​​នយោបា​យ​ជាមួយ​គណបក្ស​ប្រជាជន​​កម្ពុជា​។ ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំ នឹង​ស្នើសុំព្រះម​ហា​ក្សត្រចេញ​ព្រះរាជក្រិត្យតែងតាំង​លោក សួង​ សោភណ័ ​ជារដ្ឋលេ​ខាធិ​ការ​​ទីស្តី​ការ​គ​ណៈរដ្ឋមន្ត្រី ។ សូមជូនពរ​លោ​កសួង សោភ័ណ្ឌជួបតែសេចក្តីសុខសេចក្តី​ចម្រើ​ន។

នៅក្នុងវីដេអូក្លីបរយៈពេលជាង៣នាទីដែល​សុំចូលរួមជីវ​ភា​ព​នយោ​បាយ​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា លោក សួង សោភណ័្ឌ បានបញ្ជាក់ថា លោកបានសម្រេចចិត្តយ៉ាងច្បាស់លាស់ស្នើសុំចូ​លរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជា ជនកម្ពុជា  និងចូលរួមជាមួយរដ្ឋាភិបាលបច្ចុប្បន្ន​ដើម្បីបម្រើ​ជាតិ​មាតុភូមិពិតប្រាកដ ដោយកន្លងមក ជំហរប្រឆាំងរបស់ លោក គឺហាក់បីដូចជា ធ្វើការងារ​បានផល​តិច​តួច​ណាស់ សម្រាប់ជាតិមាតុភូមិ។

លោក សួង សោភណ័្ឌ បញ្ជាក់ថា ៖”… ដោយកន្លងមក ខ្ញុំក្នុងនាមជាមនុស្សម្នាក់មានជំហរប្រឆាំង ហាក់បីដូចជាគិតថា ធ្វើការងារបានផលតិចតួចជូនជាតិមាតុភូមិ ទើបតែមកដល់ពេលនេះ ខ្ញុំបានសម្រេចចិត្តយ៉ាងច្បាស់​លាស់​ចូល​រួម​ជាមួយរាជរដ្ឋាភិបាល ដោយចង់យកសមត្ថភាព មកជួយ មកចូលរួម មកបម្រើ​ប្រជា​ពល​រដ្ឋ​​ផ្ទាល់។ ហើយ​សង្ឃឹម​យ៉ាងមុតមាំ ប្រជាពលរដ្ឋ យល់ពីឧត្តមគតិរបស់ខ្ញុំ …។

ជាមួយគ្នានេះ លោក សួង សោភណ័្ឌ ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំគណបក្សប្រ​ជា​ជ​ន​​កម្ពុជា ដែល បើកភ្លើងខៀវដល់រូបលោក និងប្តេជ្ញាបំពេញការងារយ៉ាងច្បាស់លាស់ បម្រើជាតិមាតុ​ភូមិយ៉ាងពិតប្រាកដ។

អត្ថបទ៖ សីហា