សម្ដេចតេជោ ហ៊ុន សែន៖ គណៈចលនាមហាជន ជាកម្លាំងនយោបាយមិនអាចខ្វះបានក្នុងការធានាជ័យជម្នះរបស់គណបក្សក្នុងគ្រប់ការបោះឆ្នោត

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ។

សន្និបាតនេះ មានការចូលរួមពី អនុប្រធានគណបក្ស គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល ថ្នាក់ដឹកនាំ និង សមាជិក សមាជិកាគណៈចលនាមហាជនថ្នាក់កណ្ដាល គណៈចលនានីមួយៗអគ្គលេខាធិការដ្ឋាន ក្រុមការងារប្រមូលព័ត៌មាន វាយតម្លៃ និងឆ្លើយតបសតិអារម្មណ៍មហាជន គណៈចលនាមហាជន គ្រប់ថ្នាក់ គ្រប់ផ្នែក អង្គការ សមាគម និងសមាជិក សមាជិកាគណបក្សសរុបប្រមាណជាង ២០០០ នាក់។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈចលនាមហាជន ក្នុងការអនុវត្តការងារកន្លងទៅប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់។

សម្តេចបានមានប្រសាសន៍ថា តាមរយៈការរួមចំណែកដ៏សំខាន់របស់គណៈចលនាគណចលនាមហាជន ក្នុងការនាំមកនូវជ័យជំនះជូនគណបក្ស គណៈចលនាមហាជនបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ និងជាសេនាធិការជូនគណៈកម្មាធិការគណបក្សគ្រប់កម្រិត ក្នុងការគ្រប់គ្រងសមរភូមិសតិអារម្មណ៍សាធារណៈ ដែលជាកម្លាំងនយោបាយមិនអាចខ្វះបានក្នុងការធានាជ័យជម្នះ របស់គណបក្សក្នុងគ្រប់ការបោះឆ្នោត ជាពិសេសការប្រមូលផ្តុំកម្លាំងគណបក្សក្នុងចំណោមមហាជនទូទៅផងដែរ៕