ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកការបកស្រាយរបស់ឯកឧត្តមអគ្គរដ្ឋទូតចិននៅកម្ពុជា ប្រៀបបានទះកំភ្លៀងពួកក្រុមប្រឌិតព័ត៌មាន និងតែងមិនចង់ឃើញខ្មែររីកចម្រើន។
គួររម្លឹកថា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម វ៉ាង វិនពីន តាមរយៈសំណេរបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន បានអះអាងថា ភាគីចិននៅតែបន្តគាំទ្រដល់កម្ពុជា ក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ហើយថា រាល់បំណងប៉ុនប៉ងលាបពណ៌ លើកិច្ចសហប្រតិបត្តិរវាងចិន និងកម្ពុជា គឺមិនអាចទៅរួចបានឡើយ។
ការចេញមកបញ្ជាក់របស់ភាគីចិន ធ្វើឡើងបន្ទាប់ពីមួយរយៈពេលចុងក្រោយនេះ មានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ពិសេសអ្នកនយោបាយប្រឆាំង ដែលកំពុងនិរទេសខ្លួនរស់នៅក្រៅស្រុក បានផ្សព្វផ្សាយព័ត៌បំពុលថា «ចិនឈប់ផ្តល់កម្ចីដល់កម្ពុជា»។
ឯកឧត្តម គួច វែងស្រ៊ុន បានគូសរំលេចថា កម្ពុជាស្វាគមន៍ជំនួយពីគ្រប់ប្រទេសជាមិត្ត កិច្ចសហប្រតិបត្តិពីគ្រប់ភាគី និងដៃគូ តែឈរលើឯករាជ្យភាព អធិបតេយ្យភាព និងម្ចាស់ការលើនាវាកម្ពុជា។ ហើយសម្តេចតេជោ ក៏ធ្លាប់បានប្រកាសផងដែរ “កម្ពុជា មិនយកអធិបតេយ្យភាពទៅប្តូរនឹងជំនួយ ឬភាពអនុគ្រោះណាមួយនោះទេ។” ប្រទេសខ្លះដែលចង់ឱ្យជំនួយកម្ពុជា បើមានលក្ខខណ្ឌ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ពិសេសអាងកាត់ផ្តាច់នេះ កាត់ផ្តាច់នោះ បានបង្ហាញច្បាស់ពីចេតនា ឬផែនការណាមួយរបស់ខ្លួន កម្ពុជាពិតជាមិនអាចទទួលយកបាននោះទេ។
ជាមួយគ្នានេះ ឯកឧត្តម បានសង្កត់ធ្ងន់ថា កម្ពុជា ពិតរីករាយស្វាគមន៍ពីគ្រប់ជំនួយ ការវិនិយោគ ឬការអនុគ្រោះផ្សេងៗ តែសូមឈរលើគោលការណ៍នៃកិច្ចសហប្រតិបត្តិការ ស្វែងរកផលប្រយោជន៍ជូនជាតិ និងប្រជាជន និងប្រកាន់ខ្ជាប់អធិបតេយ្យភាព ឯករាជ្យភាព និងភាពជាម្ចាស់របស់កម្ពុជា៕
អត្ថបទ៖ ពុទ្ធិកា