ពីក្នុងពិធីបើកការដ្ឋានសាងសង់គម្រោង “ទីក្រុងមេគង្គ ឃី” ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា យុទ្ធសាស្ត្រផ្ការីករបស់រាជរដ្ឋាភិបាល គឺជាការដាំគ្រាប់ផ្កានៃការអភិវឌ្ឍ ហើយការអភិវឌ្ឍសម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គម-សេដ្ឋកិច្ចព្រោះថា ផ្ការីកនៃសន្តិភាព សុខដុមនីយកម្ម និងភាពរីកចម្រើននៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ការបញ្ជាក់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បែបនេះ គឺជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្រផ្ការីករបស់មេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេសគឺទណ្ឌិត សម រង្ស៊ី។ ទណ្ឌិត សម រង្ស៊ី កំពុងប្រើប្រាស់ហ្វេកបុក បង្ហោះព័ត៌មានក្លែងក្លាយ និងបំភ្លៃព័ត៌មាននានា ញុះញង់ជំរុញឲ្យប្រជាជនក្នុងប្រទេសយល់ខុសធ្វើសកម្មភាពប្រឆាំងនឹងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏អំពាវនាវឲ្យពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដែលជាកត្តាសំខាន់បំផុតសម្រាប់ជីវិត ការអភិវឌ្ឍ និងដង្ហើមនៃសង្គមជាតិ ដោយប្រែក្លាយនូវអ្វីដែលគេធ្លាប់តែថា សន្តិភាពកម្ពុជា មានប្រវត្តិត្រឹមមួយចម្អិនកំពឹស ទៅជាសន្តិភាព ដែលស្ថិតស្ថិររាប់រយឆ្នាំទៅមុខទៀត បើទោះបីជាសន្តិភាព រយៈពេល២៦ឆ្នាំកន្លងមកនេះ គឺជាពេលវេលាដែលមានសន្តិភាពយូរជាងគេ ក្នងរយៈពេល៥០០ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្រ។
គួរបញ្ជាក់ថា ការបង្កើតព័ត៌មានក្លែងក្លាយ និងបំភ្លៃព័ត៌មាននានា ញុះញង់ជំរុញឲ្យប្រជាជនក្នុងប្រទេសយល់ខុសធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺមិនមែនជារឿងថ្មីនោះទេ សម្រាប់ទណ្ឌិត សម រង្ស៊ី។
ជាក់ស្តែង ថ្មីៗនេះ កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម បញ្ហាព្រំដែនកម្ពុជា-ថៃ និងបញ្ហាសង្គមផ្សេងទៀត ត្រូវបានក្រុមជ្រុលនិយមដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី យកទៅ បំភាន់ បញ្ឆេះកំហឹងពលរដ្ឋ ញុះញង់ជំរុញឲ្យប្រជាជនក្នុងប្រទេសយល់ខុស ធ្វើសកម្មភាពប្រឆាំងគណបក្សកាន់អំណាចផងដែរ៕
អត្ថបទ៖ ពុទ្ធិកា