សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានជួបពិភាក្សាជាមួយ ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ។

ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់សាជាថ្មី ពីការប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយរបស់កម្ពុជាហើយ កម្ពុជានៅតែជាមិត្តរបស់ចិនគ្រប់កាលៈទេសៈ។ មិត្តចិនបានផ្ដល់នូវការគាំទ្រ និងជំនួយ មិនត្រឹមតែដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប៉ុណ្ណោះនោះទេ ក៏បុន្តែ ក៏បានគាំទ្រដល់ឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុ សែន ក៏បានអបអរសាទរដល់ខួបទី៧៥ឆ្នាំនៃការបង្កើតសភាប្រឹក្សានយោបាយប្រជាជនចិន និងកោតសរសើរចំពោះសមិទ្ធផលដែលមិត្តចិនសម្រេចបាននាពេលកន្លងមក។
សម្ដេចតេជោ មានក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងសភាប្រឹក្សានយោបាយប្រជាជនចិន និងព្រឹទ្ធសភាកម្ពុជា នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តម Wang Huning ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានកោតសរសើរសម្តេចតេជោដែលបានរួមវិភាគទានយ៉ាងច្រើនលើសលុបដល់ការអភិវឌ្ឍនូវទំនាក់ទំនងកម្ពុជា-ចិន។ ឯកឧត្តម លើកឡើងថា សម្តេចតេជោ ជាមិត្តល្អរបស់ប្រទេសចិន និងប្រជាជនចិន។

ឯកឧត្តម បានកោតសរសើរចំពោះការបន្តវេននៃថ្នាក់ដឹកនាំជំនាន់ក្រោយរបស់កម្ពុជាដែលបានដើរតាមមាគ៌ារបស់សម្ដេចតេជោ ហើយបញ្ជាក់ថា ចិន បន្តគាំទ្រនូវគោលនយោបាយរបស់កម្ពុជាជាបន្តទៀតផងដែរ ព្រមទាំង បានសន្យាថាប្រទេសចិននឹងផ្សព្វផ្សាយពីប្រពៃណីដ៏ល្អរបស់កម្ពុជា និងជំរុញទេសចរចិនមកកម្ពុជាបន្ថែមទៀត។
ឯកឧត្តម Wang Huning ក៏បានលើកឡើងផងដែរអំពីគំនិតបន្ស៊ីគ្នានៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវរបស់ចិន និងយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា ដើម្បីពន្លឿនការសម្រេចរចនាសម្ព័ន្ធសំខាន់ៗ រួមមានច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ និងការអភិវឌ្ឍកសិកម្មទំនើបជាដើម និង ការកសាងច្រករបៀងគម្រូថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ឯកឧត្តមបានបន្តទៀតថា ចិន និងកម្ពុជាបានបន្តអនុវត្តនៅកិច្ចព្រមព្រៀងនៃការកសាងសហគមន៍ជោគវាសនារួម ហើយប្រទេសទាំងពីរបានរួមគ្នាក្នុងការជំរុញទំនាក់ទំនងនេះឱ្យឈានទៅមុខជាលំដាប់។
ក្នុងឱកាសនោះផងដែរ សម្ដេចតេជោ និងឯកឧត្តមប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ក៏បានពិភាក្សាគ្នាផងដែរអំពីស្ថានការណ៍តំបន់ និងអន្តរជាតិដែលកំពុងមានភាពស្មុគស្មាញ និងប្រែប្រួលយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ច និងជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤៕