សាកលវិទ្យាល័យការពារជាតិ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះ បណ្តាលធនធាន មនុស្សបម្រើក្នុងវិស័យការពារជាតិ ជាពិសេសក្នុងរយៈពេល ០៥ ឆ្នាំ ចុងក្រោយនេះ គឺឆ្នាំ ២០១៨ ដល់២០២៣ ដែលមានវគ្គបណ្តុះបណ្តាលសរុប រហូតដល់ ៦០ វគ្គ និងមានសិក្ខាកាមប្រមាណជាង ៤,០០០នាក់ ។
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល-ហ្វឹកហ្វឺនឆ្នាំ២០២២ និងបើកវគ្គបន្តឆ្នាំ២០២៣ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ និងបណ្ណាល័យ នៃសាកលវិទ្យាល័យការពារជាតិ កាលពីថ្ងៃទី២៦ ខែមេសា ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើនជាលំដាប់របស់សាកលវិទ្យាល័យការពារជាតិ ដែលជាគ្រឹះស្ថានអប់រំផ្នែកយោធាកម្រិតឧត្តមសិក្សាឈានមុខមួយ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថា សាកលវិទ្យាល័យការពារជាតិ មានចំនួនសិក្ខាកាម បានកើនឡើងលើសសន្ទស្សន៍ផែនការពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារការចង់ចេះចង់ដឹងរបស់យោធិនក្នុងដំណាក់កាលនៃការកែទម្រង់ និងឱកាសមាសនៃសន្តិភាព។
គួរបញ្ជាក់ថា បច្ចុប្បន្នសាកលវិទ្យាល័យការពារជាតិ បាននិងកំពុងអនុវត្តកំណែទម្រង់ការងារបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉ននាយទាហាន ក្នុងវិស័យការពារជាតិ ផ្តោតជាសំខាន់ លើវិទ្យាសាស្ត្រយោធា ទាំងយុទ្ធនាការ យុទ្ធសាស្ត្រ និងយុទ្ធវិធី ដែលមានអត្ថន័យសំខាន់ បន្ថែមលើវិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រពិត និងភាសា៕
អត្ថបទ៖ សន សីហា