សម្តេចតេជោ ហ៊ុន សែន ស្នើ​សមាគម​ជប៉ុន-កម្ពុជា​ ជួយ​ជំរុញ​ការ​​នាំ​ផលិត​ផល​​កម្ពុជា ទៅកា​ន់​ប្រទេស​ជប៉ុន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើ​ទៅ​កាន់​សមាគមជប៉ុន-កម្ពុជា ជំរុញការនាំផលិតផលកម្ពុជាទៅកាន់​ប្រទេស​ជប៉ុន ខណៈ​ផលិតផលរបស់កម្ពុជានៅពេលនេះ មានគុណភាពល្អ ហើយមិនប្រើគីមី​ច្រើន​ទេ ។

ការស្នើរបស់សម្តេចតេជោ ដូចនេះបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងសម្តេច និងលោក តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា​នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៣នេះ ។

សម្ដេចតេជោ ហ៊ុន សែន ក៏​បានលើកទឹកចិត្តដល់សមាគមជប៉ុន-កម្ពុជា ឱ្យ បន្ត​ការ​ខិតខំចលនាអ្នកវិនិយោគ​មក​កម្ពុជា ហើយ​នៅពេលនេះកម្ពុជា ក៏មានច្បាប់​វិនិយោគថ្មីដែរ ដែលច្បាប់វិនិយោគនេះ នឹងផ្ដល់នូវភាពអនុ​គ្រោះ​ជា​ច្រើន សម្រាប់ការវិនិយោគនៅកម្ពុជា។

នៅក្នុង​ជំនួបនេះ លោក តាកាហាស៊ី ក៏បានជម្រាបជូនសម្ដេចតេជោដែរថា ​សមា​គមជប៉ុន-កម្ពុជា កំពុងរៀបចំវេទិកាព័ត៌មានអំពីសក្ដានុពលវិនិយោគ​នៅ​កម្ពុជា ដើម្បីផ្សព្វផ្សាយ​ដល់​ប្រជាជនជប៉ុន ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យមជប៉ុន ដែលកំពុង​ស្វែង​រក​ការវិនិយោគ​នៅក្រៅប្រទេស។

ជាមួយគ្នានេះ សមា​គមជប៉ុន-កម្ពុជា ក៏ជំរុញការនាំចេញផលិតផលពីកម្ពុជាទៅជប៉ុន និងកែច្នៃផលិតផលកម្ពុជា សម្រាប់ដាក់លក់លើទីផ្សារផងដែរ៕ អត្ថបទ៖ សន សីហា