សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ និងចូលរួមមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ក្នុងជំនួបនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្ដម ជិន ថាញ់មិន បានប្តេជា្ញបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗ ដូចជា វិស័យពាណិជ្ជកម្ម និងវិនិយោគ, វិស័យទេសចរណ៍, វិស័យសន្តិសុខ និងការពារជាតិ, ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន ជាដើម។
ឯកឧត្ដម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានកោតសរសើរ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្លា ប្រកបដោយភាពច្នៃប្រឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ និងបានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ និងខ្លាំងក្លា បន្ថែមទៀត ដែលនឹងសម្រេចបាននូវចក្ខុវិស័យ ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្ដមប្រធានរដ្ឋសភា បានប្ដេជ្ញាចិត្ត ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ និងបង្ហាញការគាំទ្រចំពោះការបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងក្រសួង-ស្ថាប័ននៃប្រទេសទាំងពីរ។
ទន្ទឹមគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្តីរីករាយចំពោះវឌ្ឍនភាព និងការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក៏ដូចជាទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានស្វាគមន៍ការប្តេជ្ញាចិត្តក្នុងការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។