សម្តេចតេជោ ហ៊ុន សែន៖ មិនមានអ្វីត្រូវចរចាជាមួយគណបក្សនយោបាយណាមួយនោះទេ

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងបញ្ជាក់ថា សម្ដេចមិនមានអ្វីត្រូវចរចាជាមួយគណបក្សនយោបាយណាមួយនោះទេ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ នៃវិទ្យាស្ថានជាតិអប់រំ (NIE) នាព្រឹកថ្ងៃទី ២៥ ខែមេសាម្សិលមិញ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ សម្ដេច មិនមានហេតុផលអ្វីត្រូវជួបចរចាជាមួយគណបក្សនយោបាយណាមួយនោះទេ តែបើត្រឹមស្នើសុំជួបសម្ដែងការគួរសម គឺសម្ដេច អាចផ្ដល់ឱកាស។

សម្ដេចតេជោ៖ «សូម្បីបណ្ដាបក្សនយោបាយក្នុងស្រុកគ្មានរឿងចរចាទេ បើអ្នកឯងសុំសម្ដែងការគួរសម ខ្ញុំអាចផ្ដល់ឱកាស បើខ្ញុំមានពេល អត់មានរឿងអីមកត្រូវចរចា»។

ទន្ទឹមនឹងនោះ សម្ដេចតេជោនាយករដ្ឋមន្រ្តីបានចោទជាសំណួរថា តើគណបក្សនយោបាយចរចាគ្នាអំពីរឿងអ្វី? និងថាតើគណបក្សនយោបាយ ចង់ចរចាជាមួយនាយករដ្ឋមន្ត្រីអំពីរឿងអ្វីដែរ? ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យបណ្ដាគណបក្សនយោបាយ គោរពអនុវត្តច្បាប់ឲ្យត្រឹមត្រូវទៅបានហើយ មិនចាំបាច់ចរចាអ្វីទេ៕