សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនែកម្ពុជា បានផ្ញើសារផ្តាំទៅអ្នកនយោបាយប្រឆាំងមួយចំនួនតូច កុំយករឿងនយោបាយ មកទម្លាក់ចូលក្នុងបច្ចេកទេស ដែលមិនបានជួយអ្វីដល់កិច្ចការពារព្រំដែន ឬផលប្រយោជន៍ជាតិនោះទេ។ សម្តេចបានអះអាងថា ករណីព្រំដែនទឹកកម្ពុជា ជាមួយថៃ គឺស្ថិតក្នុងដំណាក់កាលចរចាដែលមិនទាន់មានការសម្រេច ឬឯកភាពណាមួយនៅឡើយ។
ការផ្ញើសាររបស់សម្តេចបវរធិបតី បែបនេះ បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារថ្មី ឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ចំពោះតំបន់ត្រួតស៊ីគ្នានៃធនធានប្រេងរវាងកម្ពុជា និងថៃ (OCA) គឺការចរចាត្រូវតែឈរលើគោលការណ៍គោរពគ្នាទៅវិញ ទៅមក, បែងចែកផលសេដ្ឋកិច្ច ដែលអាចទទួលយកបាន ជាពិសេស គឺការគោរពអធិបតេយ្យរបស់កម្ពុជាដែលមិនអាចខ្វះបាន។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា គ្មានឡើយការឃុបឃិតគ្នារវាងគ្រួសារសម្ដេចតេជោ ហ៊ុន សែន និងគ្រួសារឯកឧត្តម ថាក់ ស៊ីន ដើម្បីលួចបូមយកប្រេងកាត នៅតំបន់ត្រួតស៊ីគ្នានៃរ៉ែប្រេងកាតរវាងកម្ពុជា-ថៃ ។ ការគិតគូរទាញផលរួមនៅតំបន់ត្រួតស៊ីគ្នានៃប្រេងកាត រវាងកម្ពុជា-ថៃ ត្រូវបានរដ្ឋាភិបាលកម្ពុជា ធ្លាប់បានអះអាងថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងធានាសន្តិសុខថាមពល និងមិនប៉ះពាល់ដល់អធិបតេយ្យភាពរបស់កម្ពុជានោះឡើយ។
គួរបញ្ជាក់ថា ការផ្ញើសាររបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី នាពេលនេះ ធ្វើឡើងដោយសារ មួយរយៈចុងក្រោយនេះ ក្រុមប្រឆាំងទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ បានយកបញ្ហាព្រំដែនសមុទ្រដែលមិនទាន់មានការឯកភាពគ្នានៅឡើយរវាងប្រទេសទាំងពីរ មានដូចជា បញ្ហាកោះគុត និងតំបន់ត្រួតស៊ីគ្នានៃប្រេងកាត រវាងកម្ពុជា-ថៃ មកបំផុសញុះញង់ បញ្ឆេះកំហឹងប្រជាជនឲ្យប្រឆាំងនឹងរដ្ឋាភិបាល៕
អត្ថបទ៖ ពុទ្ធិកា