សម្តេចប្រធានព្រឹទ្ធសភា៖ កម្ពុជា និងថៃកំពុងបន្តជជែកគ្នាយ៉ាងក្តៅគគុកនៅឡើយរឿងតំបន់កោះគុត

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អំពាវនាវដល់ប្រជាពលរដ្ឋ​ទុកលទ្ធភាព​ឲ្យរដ្ឋាភិបាល​ចរចា​ជាមួយ​នឹង​រដ្ឋាភិបាល​ថៃ​រឿងកោះគុត ហើយសង្ឃឹមថា​ខាងអ្នកជ្រុលនិយម​នៅ​ក្នុង​ប្រទេស​ថៃ​ក៏​ត្រូវ​ទុក​លទ្ធភាព​ឲ្យ​រដ្ឋាភិបាលក្នុងប្រទេសថៃធ្វើការចរចាដែរ។

ក្នុងឪកាសអញ្ជើញជាអធិបតីភាពបើកអនុសំវច្ឆ​រ​មហា​សន្និបាត​មន្ត្រី​សង្ឃទូទាំងប្រទេស លើកទី៣២ ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា តំបន់កោះគុត គឺជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ខណៈកោះនេះគឺរាជរដ្ឋាភិបាលកម្ពុជា និងថៃកំពុងបន្តជជែកគ្នាយ៉ាងក្តៅគគុកនៅឡើយ ប៉ុន្តែ​មានជនអគតិមួយក្តាប់តូច(ក្រុមក្បត់ជាតិបីជំនាន់)កំពុងតែធ្វើការញុះញង់អុចអាលលើបញ្ហានេះ ហើយការញុះញង់បែបនេះអាចនឹងធ្វើឲ្យកម្ពុជា និងថៃឈានដល់មានការផ្ទុះអាវុធ។

សម្ដេចតេជោ ហ៊ុន សែន បង្ហាញកត្តា២យ៉ាងធំៗ​ដែលធ្វើឲ្យប្រទេសជាតិ​មានការរីកចម្រើន​គឺការឯកភាពផ្ទៃក្នុង និងសន្តិភាពជាមួយប្រទេសជិតខាង។ សម្តេចបញ្ជាក់ថា ការប្តឹងផ្តល់គ្នាទៅតុលាការអន្តរជាតិលើបញ្ហា កោះគុត​តាម​ការ​ញុះញង់របស់ជនអគតិមួយក្តាប់តូចនៅក្រៅប្រទេសនោះមិនមែនជាការងាយស្រួលនោះទេ។

ជាមួយគ្នានេះ សម្ដេចតេជោអំពាវនាវដល់ប្រជាពលរដ្ឋ​ទុកលទ្ធភាព​ឲ្យរដ្ឋាភិបាល​ចរចា​ជាមួយ​នឹង​រដ្ឋាភិបាល​ថៃ​រឿងកោះគុត ហើយសង្ឃឹមថា​ខាងអ្នកជ្រុលនិយម​នៅ​ក្នុង​ប្រទេស​ថៃ​ក៏​ត្រូវ​ទុក​លទ្ធភាព​ឲ្យ​រដ្ឋាភិបាលក្នុងប្រទេសថៃធ្វើការចរចាដែរ។ សម្ដេចតេជោក៏បានអំពាវនាវដល់កងទ័ពទាំងជើងទឹក និងជើងគោកទាំងអស់ មិន​ត្រូវ​ចល័ត​កម្លាំង​ទៅ​តំបន់កោះគុត ក្រោយទទួលព័ត៌មានពីបញ្ហានៅកោះគុតនោះឡើយ។ សម្ដេចតេជោ​បញ្ជាក់បន្ថែមថា កម្ពុជា និងថៃនៅតែបន្តចរចាពីបញ្ហានេះដោយសន្តិវិធីនៅឡើយ។

សម្តេចតេជោប្រធានព្រឹឹទ្ធសភាផ្តាំទៅក្រុមប្រឆាំងដែលកំពុង​រត់ចោល​ស្រុក និងបងប្អូន ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ថា «ដំបៅមិនឈឺកុំយកឈឺរុក»​ ខណៈបញ្ហា​កោះគុត​ ​រាជរដ្ឋាភិបាលកម្ពុជា និងថៃកំពុងរកដំណោះស្រាយគ្នាដោយសន្តិភាពវិធី៕