ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ កាលពីចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសបញ្ចូលថ្មី សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ប្រមាណ ៣០៧ នាក់។
ឯកឧត្តមបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា តែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់ ដែលនេះជាកត្តាប្រវត្តិសាស្រ្តមិនអាចប្រកែកបាន។ បន្ថែមពីលើនេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា រាល់ផលប្រយោជន៍ដែលគណបក្សបានផ្តល់ជូនប្រជាពលរដ្ឋទាំងឡាយ គឺនៅតែត្រូវបានបន្តអនុវត្តដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋមិនមានការថមថយទេ គឺមានតែការខិតខំស្វះស្វែងផ្តល់ជូនបន្ថែម។
ឯកឧត្តមក៏បានរំលេចផងដែរនូវកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលរួមមានកម្មវិធីនយោបាយអាទិភាព វិធានការណ៍គន្លឹះ ព្រមទាំងការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជាការឆ្លើយតបទាន់ទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ។ នេះជាទម្លាប់ធ្វើការរបស់គណបក្សប្រជាជនកម្ពុជាដែលតែងធ្វើតាំងពីថ្ងៃចាប់បដិសន្ធិរបស់ខ្លួនរហូតមក។
សូមបញ្ជាក់ថា សមាជិក សមាជិកា ដែលត្រូវបានបញ្ចូលថ្មី នៅឃុំបសេដ្ឋនាឱកាសនេះ រួមមាន មន្រ្តីរាជការ ៦ នាក់ កម្មករ កម្មការិនី ២០៧ នាក់ កសិករ ៥៨ នាក់ អាជីវករ ៣ នាក់ សិស្ស និស្សិត ៣២ នាក់ ដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយបានមើលឃើញពីបេសកកម្មជាប្រវត្តិសាស្រ្ត និងសមិទ្ធផលនានាដែលគណបក្សសម្រេចបានជូនជាតិមាតុភូមិ និងក្រោយពីបានស្វែងយល់ពីគោលនយោបាយរបស់គណបក្សក្នុងការដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍ៕