រយៈពេលពីរថ្ងៃ គណបក្សនយោបាយចំនួន៦ បានទៅចុះបញ្ជីឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន

រយៈពេលពីរថ្ងៃ មានគណបក្សនយោបាយចំនួន៦ហើយ បានមកចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា គណបក្សនយោបាយចំនួន៦នោះ រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សធម្មាធិបតេយ្យ គណបក្សកម្លាំងប្រជាធិបតេយ្យ និងគណបក្សសញ្ជាតិកម្ពុជា ។

គួរបញ្ជាក់ថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ១៥ ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។

គិតត្រឹមថ្ងៃទី២៥ ខែមេសា មានរយៈពេល២ថ្ងៃហើយ ដែលទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ៕ អត្ថបទ៖ សីហា