សកម្មជនប្រឆាំងដ៏លេចធ្លោនៅអាល្លឺម៉ង់ម្នាក់ទៀត ដកខ្លួនចេញពីក្រុមប្រឆាំង

លោកស្រី Sophy Kay ដែលជាសកម្មជនដ៏លេចធ្លោម្នាក់នៅប្រទេសអាល្លឺម៉ង់ បានប្រកាសដកខ្លួនពីក្រុមប្រឆាំង ហើយស្នើដល់ក្រុមប្រឆាំង ឱ្យឈប់ពាក់ព័ន្ធនឹងលោកស្រីតទៅទៀត។

តាមរយៈវីដេអូមួយជិត ៩នាទី ដែលបង្ហោះនៅលើបណ្តាញសង្គមឈ្មោះ «នាទីអតីតវីរយុទ្ធជន» លោកស្រី បានលើកឡើងថា រយៈពេលកន្លងមក លោកស្រីបានលះបង់ពេលវេលាផ្ទាល់ ដើម្បីជួយដល់គណបក្សប្រឆាំង គឺមិនមានប្រយោជន៍អ្វីទាល់តែសោះ ក្រៅពីរងសម្ពាធ ការមាក់ងាយ និងការមិនឱ្យតម្លៃ។ ដូច្នេះចាប់ពីពេលនេះតទៅ លោកស្រីឈប់ជួយក្រុមប្រឆាំងតទៅទៀតហើយ។

ក្រោយការដកខ្លួនចេញពីប្រឆាំង សកម្មជននៅក្រៅប្រទេសរូបនេះ ក៏បានចូលរួមចែករំលែកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងប្រទេសកម្ពុជា នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនផងដែរ។

គួរកត់សម្គាល់ថា នាពេលនេះមនុស្សមួយចំនួនដែលធ្លាប់តែជឿលង់សម្តី លោក សម រង្ស៊ី ត្រូវគេឃើញថា បាននាំគ្នាដើរចេញពីលោក ស្ទើរតែអស់ទៅហើយទាំងក្នុងនិងក្រៅស្រុក ដូចជាអតីតសកម្មជន ហៃ វណ្ណា រស់នៅក្នុងប្រទេសជប៉ុន និងលោក វណ្ណ ចំរើន អតីតលេខាបក្សសង្គ្រោះជាតិ នៅរដ្ឋម៉ាសាឈូសិត សហរដ្ឋអាមេរិកជាដើម។ នេះមិនទាន់និយាយអំពីអតីតសកម្ម ជនរបស់ខ្លួនក្នុងស្រុក ដែលបានដកខ្លួនចេញពីគណបក្សប្រឆាំង និងមកសុំរួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជា។

តាមរបាយការណ៍នៅថ្ងៃទី៦ ខែវិច្ឆិកានេះ បានឲ្យដឹងថា ត្រឹមតែ ៥ខែប៉ុណ្ណោះ អតីតក្រុមប្រឆាំងជាង ១ម៉ឺននាក់ (១៤៥៣៩នាក់) ក្នុងនោះមានថ្នាក់រាជធានី និងថ្នាក់ខេត្ត ចំនួន ៧៧៤ នាក់ ថ្នាក់ក្រុង-ស្រុក-ខណ្ឌចំនួន ១៥៩១ នាក់ថ្នាក់ឃុំ-សង្កាត់ ចំនួន ១២១៧៤ នាក់ បានមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាមូលដ្ឋានរាជធានី-ខេត្ត៕