ចាប់តាំងពីក្រុមការងារចលនាកសាងសមាជិកបក្ស នៅមូលដ្ឋានរាជធានី-ខេត្ត បានបង្កើតឡើង នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៤ មក ក្រុមការងារបានសហការជាមួយគណៈកម្មាធិការបក្សរាជធានី-ខេត្ត និងក្រុមការងារគណបក្សចុះមូលដ្ឋានតាមបណ្តារាជធានី-ខេត្ត គឺចលនាកសាងអតីតថ្នាក់ដឹកនាំបក្សប្រឆាំង និងបក្សនយោបាយផ្សេងៗ បានចំនួន១៤៥៣៩នាក់ ក្នុងនោះមានថ្នាក់រាជធានី និងថ្នាក់ខេត្ត ចំនួន ៧៧៤ នាក់ ថ្នាក់ក្រុង-ស្រុក-ខណ្ឌចំនួន ១៥៩១ នាក់ថ្នាក់ឃុំ-សង្កាត់ ចំនួន ១២១៧៤ នាក់។ នេះបើតាមរបាយការណ៍របស់ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារកសាងចលនាសមាជិកគណបក្សប្រជាជនកម្ពុជាមូលដ្ឋានរាជធានី-ខេត្ត។
ឯកឧត្តមបានលើកឡើងថា ដោយផ្អែកលើការការពារនូវផលប្រយោជន៍ដ៏ឧត្តុងឧត្តមនៃប្រទេសជាតិ ការការពារនូវសុខសន្តិភាព ស្ថេរភាពនយោយនៅក្នុងសង្គមជាតិ ការពារនូវសេចក្តីសុខសាន្ត និងសុភមង្គលរបស់ប្រជាជនកម្ពុជា ដើម្បីធានាដល់ការរីកចម្រើនរបស់ប្រទេសជាតិជាយូរអង្វែង សម្តេចតេជោបានប្រកាសទទួលស្វាគមន៍យកបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ជាពិសេសបងប្អូនដែលធ្លាប់បានចូលរួមជីវភាពនយោបាយជាមួយក្រុមបក្សនយោបាយ ដែលមាននិន្នាការជ្រុលនិយមក្នុងរយៈពេលកន្លងមក ដើម្បីយកចំណេះវិជ្ជា និងមនសិការស្នេហាជាតិរបស់បងប្អូនមកបម្រើប្រទេសជាតិ និងប្រជាជនកម្ពុជាជាមួយនឹងគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមបានបន្តទៀតថា តាមរយៈគោលនយោបាយប្រកបដោយព្រហ្មវិហារធម៌ និងក្តីសណ្តោះប្រណីរបស់ សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានចំពោះបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស នាពេលបច្ចុប្បន្ននេះ គឺបងប្អូនដែលជាអតីតថ្នាក់ដឹកនាំប្រឆាំងតាមបណ្តាមូលដ្ឋានរាជធានី ខេត្ត ក្រុងស្រុក ឃុំ សង្កាត់ គឺបងប្អូនជនរួមជាតិរបស់យើងបានមើលឃើញយ៉ាងច្បាស់ថា សម្តេចតេជោ ពិតជាអ្នកស្នេហាជាតិយ៉ាងពិតប្រាកដ តាមរយៈសកម្មភាពពិតដែល សម្តេចតេជោបានផ្តល់ជូនចំពោះបងប្អូនក្នុង រយៈពេលកន្លងមក ដោយមិនប្រកាន់និន្នាការនយោបាយ ឬកំហុសខុសឆ្គងរបស់បងប្អូនជនរួមជាតិនោះទេ សម្តេចតេជោ តែងតែផ្តល់នូវក្តីស្រលាញ់ប្រកបដោយមនោសញ្ចេតនាជួយបងប្អូនតាមគ្រប់មធ្យោបាយ តាមដែលអាចធ្វើទៅបាន ដើម្បីជួយសម្រាលទៅដល់ការលំបាកនានារបស់បងប្អូនផងដែរ៕