សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានរំលឹកថា សូមកុំធ្វើនយោបាយដង្ហែសពមេក្រុមប្រឆាំងជ្រុលនិយមចូលរណ្តៅ ព្រោះខ្លួនគេជួយខ្លួនមិនបានផងថែមទាំងចោលស្រុកថែមទៀត។
សាររបស់សម្តេចតេជោ ធ្វើឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ បន្ទាប់ពីសម្តេចបានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ហៃ វណ្ណា ដែលបានធ្វើការសូមអភ័យទោសចំពោះការខុសឆ្គងរបស់ខ្លួនកាលពីថ្ងៃ១៨ សីហា២០២៤ និងបានប្រកាសផ្តាច់ខ្លួនចេញពីក្រុមប្រឆាំងជ្រុលនិយមមកចូលរួមជីវភាពនយោបាយជាមួយគណប្រជាជន និងនាំយកចំណេះដឹងដើម្បីចូលរួមកសាងប្រទេសជាតិវិញ។
លោក ហៃ វណ្ណា ជាសកម្មជននយោបាយនៅប្រទេសជប៉ុន ដែលជាអ្នករៀបចំ នៅពីក្រោយគម្រោងធ្វើបាតុកម្មផ្តួលរំលំរដ្ឋាភិបាល កាលពីថ្ងៃទី១៨ ខែសីហា។
ទន្ទឹមនេះ សម្តេចតេជក៏សូមការយោគយល់អាធ្យាស្រ័យពីសំណាក់បងប្អូនជនរួមជាតិដែលខឹងសម្បាចំពោះលោក ហៃ វណ្ណា កន្លងមក និងបញ្ចប់ការខឹងសម្បានេះ ដើម្បីចាប់ដៃគ្នាកសាងអនាគតរបស់កម្ពុជា។ សម្តេចតេជោសង្ឃឹមថា បងប្អូនផ្សេងទៀតនឹងយកគំរូតាមលោក ហៃ វណ្ណា ដោយផ្តាច់ខ្លួនចេញពីមេក្រុមជ្រុលនិយមមកចូលរួមកសាងប្រទេស។ សម្តេចបានបន្ថែថា៖ “សូមកុំធ្វើនយោបាយដង្ហែសពមេក្រុមប្រឆាំងជ្រុលនិយមចូលរណ្តៅព្រោះ ខ្លួនគេជួយខ្លួនមិនបានផងថែមទាំងចោលស្រុកថែមទៀត”។
កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ថាល់ សាវុធ ដែលបានផ្តាច់ខ្លួនចេញពីក្រុមប្រឆាំងជ្រុលនិយម និងស្នើសុំមកចូលរួមជីវភាពនយោបាយជាមួយគណប្រជាជនកម្ពុជា។ សម្តេចតេជោ ក៏រង់ចាំជួបលោក ថាល់ សាវុធ នាពេលខាងមុខ ពេលលោកមកកាន់កម្ពុជា។
លោក ថាល់ សាវុធ ជាអ្នករិះគន់រដ្ឋាភិបាលកម្ពុជាមិនសំចៃមាត់នៅឯនាយសមុទ្រ។ លោកបានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងផ្ញើវីដេអូជូនដល់សម្ដេចតេជោ បន្ទាប់ពីសម្រេចចិត្តផ្តាច់ខ្លួនចេញពីក្រុមប្រឆាំងជ្រុលនិយម៕
អត្ថបទ៖ អក្ខរា