ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសគាំទ្រពេញទំហឹងការសម្រេចចិត្តប្រកបដោយប្រតិភាណរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះករណី CLV-DTA នាយប់ថ្ងៃសុក្រនេះ កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ។
ឧបនាយករដ្ឋមន្រ្តី ស សុខា ថ្លែងថា ខ្ញុំព្រមទាំងក្រុមគ្រួសារទាំងមូល ក៏មិនខុសពីបងប្អូនជនរួមជាតិគ្រប់និន្នាការដែរ យើងពិតជាមានសេចក្ដីពេញចិត្ត និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចចិត្តដ៏ឈ្លាសវៃ និងប្រកបដោយប្រតិភាណ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការដកព្រះរាជាណាចក្រកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA)។
លោកបញ្ជាក់ថា ការសម្រេចចិត្តនេះ គឺជាទឡ្ហីករណ៍បញ្ជាក់យ៉ាងច្បាស់ថា សម្ដេចតេជោពិតជាយកចិត្តទុកដាក់ខ្ពស់រាល់មតិយោបល់ ទស្សនៈ និងក្ដីកង្វល់របស់ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយចំពោះជោគវាសនាជាតិ និងប្រជាជន រួមទាំងបងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងគាំទ្រគណបក្សប្រជាជន និងរាជរដ្ឋាភិបាលក្នុងកិច្ចដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រំដែន។ ជាពិសេស ជាយុទ្ធសាស្ត្រផ្ដាច់ឫសគុលរបស់ក្រុមអគតិឱកាសនិយមជ្រុល ដែលឆ្លៀតយកប្រធានបទ CLV-DTA ធ្វើជាឧបករណ៍នយោបាយដុតរោលកម្ពុជា។
ផ្ទុយពីនេះ ចំពោះការចូលរួមទាំងមតិ ទស្សនៈ ស្មារតី សម្ដែងរាល់ក្ដីកង្វល់ដ៏ពិតប្រាកដ ក៏ដូចជាការបរិច្ចាគថវិកាក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនផងនោះ យើងនៅតែតម្កលជាមនសិការស្នេហាជាតិ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ក្នុងសុច្ឆន្ទៈសាមគ្គីជាខ្មែរតែមួយ។ លោកបន្ថែម។
ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ឧបនាយករដ្ឋមន្រ្តី ស សុខា បានអំពាវនាវបងប្អូនជនរួមជាតិគ្រប់មជ្ឈដ្ឋានបន្តគោលជំហរជាវិជ្ជាមាន គាំទ្រគណបក្សប្រជាជនកម្ពុជា ក្រោមអគ្គមគ្គទេសក៍ប្រកដោយប្រតិភាណរបស់សម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ដើម្បីបន្តកិច្ចសហប្រតិបត្តិការក្នុងនាមជាប្រទេសជិតខាងល្អ និងជាបងប្អូនល្អ ទាំងជាមួយប្រទេសឡាវ និងវៀតណាម ស្របតាមស្មារតីបន្តរក្សា និងអភិវឌ្ឍព្រំដែនឱ្យប្រកបដោយសន្តិភាព វឌ្ឍនភាព និងសន្តិសហវិជ្ជមានលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន នៃប្រទេសទាំងសងខាង។
បន្ថែមពីលើនេះ លោកក៏សូមយកឱកាសនេះ អំពាវនាវបងប្អូនជនរួមជាតិ បន្តពូនជ្រំស្មារតីសាមគ្គីជាធ្លុងមួយ ក្រោមព្រះរាជបារមីនៃព្រះករុណា ព្រះមហាក្សត្រ ដើម្បីរួមគ្នាសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតជូនជាតិ និងប្រជាជន ក្រោមម្លប់សុខសន្តិភាព ដូចអតីតកាលចុងក្រោយនៃជាតិយើង ដែលមានការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន និងបច្ចុប្បន្ន មានរាជរដ្ឋាភិបាលបន្តវេនប្រកបដោយភាពស្វាហាប់ ក្រោមមាគ៌ាដឹកនាំដ៏ប្រកបដោយភាពវាងវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕