លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ញើលិខិតផ្លូវការទៅកាន់រដ្ឋមន្ត្រីក្រសួងបរទេសឡាវ និងរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ដើម្បីបញ្ជាក់ពីការសម្រេចរបស់កម្ពុជា ក្នុងការបញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)។
លិខិតរបស់រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា មានខ្លឹមសារទាំងស្រុងដូច្នេះថា៖
«ឯកឧត្តមជាទីរាប់អាន! ខ្ញុំសូមជម្រាបជូនឯកឧត្តមជាផ្លូវការ អំពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ថា បន្ទាប់ពីបានពិចារណា និងវាយតម្លៃដោយម៉ត់ចត់ ពីវឌ្ឍនភាពនៃ CLV-DTA រួចមក កម្ពុជាយល់ថា កិច្ចសហប្រតិបត្តិការនេះបានឈានដល់គោលដៅរបស់ខ្លួនហើយ។ នាពេលនេះ កម្ពុជាជឿថា ប្រទេសនីមួយៗមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបន្ត និងធានាការអភិវឌ្ឍជាតិរៀងខ្លួន។
ក្នុងន័យនេះ ខ្ញុំសូមជូនដំណឹងឯកឧត្តមថា កម្ពុជាបានសម្រេចបញ្ចប់ការចូលរួមរបស់ខ្លួន នៅក្នុង CLV-DTA ស្របតាមមាត្រា១៨ នៃអនុស្សរណៈនៃការយោគយល់ ក្នុងចំណោមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលនៃសាធារណដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្ពោះទៅរកការបង្កើតគោលនយោបាយ អនុគ្រោះពិសេសសម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។ កិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌ CLV-DTA បានផ្តល់ផលប្រយោជន៍ធំធេងដល់ប្រទេសយើងទាំងបី។
ខ្ញុំសូមសម្តែងនូវអំណរគុណ សម្រាប់កិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់។ យើងបានសម្រេចនូវសមិទ្ធផលគន្លឹះ ដែលបានពង្រឹងគោលដៅរួម និងបានលើកកម្ពស់ការអភិវឌ្ឍក្នុងតំបន់។
ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ល្អរបស់ឯកឧត្តម។ ខ្ញុំរីករាយនឹងបន្តធ្វើការជាមួយគ្នា ដើម្បីឧត្តមប្រយោជន៍ប្រទេសយើង និងតំបន់។ ដោយក្ដីរាប់អានពីខ្ញុំ»៕