«ខ្ញុំសួរដូចឆោត កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការនេះមានតាំងពីឆ្នាំ១៩៩៩ គណបក្សប្រជាជនមិនមែនជាគណបក្សដែលដឹកនាំសភាម្នាក់ឯងទេ ពីឆ្នាំ១៩៩៩ មាន ៣គណបក្ស ២០០៣ គណបក្សរបស់លោកនឹង (បក្ស សម រង្ស៉ី) ក៏មាននៅក្នុងសភាដែរ មិចក៏មិនតវ៉ាជំទាស់ពេលនោះ ស្ងាត់ម្លេះបានន័យថា អស់លោកក៏យល់ថា កិច្ចព្រមព្រៀងនេះមិនគ្រោះថ្នាក់ ទើបឯងឥលូវឃើញចាប់ផ្តើមបំផុស ឃើញចរន្តចាប់ផ្តើមដុតបន្ថែម ចុះពេលដែលនៅសមាជិកសភា គណបក្សមាន ៥៥កៅអី ក្នុងសភា មិចក៏មិននិយាយរឿងនឹង?»។ នេះជាការចោទសួររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ទៅកាន់អ្នកនយោបាយនៅក្រៅប្រទេសដែលបំផុសបំផុល ញុះញង់ ធ្វើឲ្យបាតុកម្មប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ។
ទោះបីជាមិនបាននិយាយចំឈ្មោះ ប៉ុន្តែគេអាចសន្និដ្ឋានបានថា ការចោទសួរនេះ គឺសម្តេចចង់សំដៅលើទណ្ឌិត សម រង្ស៊ី ដែលជាអ្នកនយោយបាយជាប់ឈ្មោះក្បត់ជាតិកំពុងនិរទេសនៅក្រៅប្រទេស ហើយក៏កំពុងសកម្មក្នុងការចោទប្រកាន់ ដោយបំភ្លៃការពិត បំផុសបំផុល ញុះញង់ និងអូសទាញប្រជាពលរដ្ឋស្លូតត្រង់ក្នុងស្រុក ឲ្យធ្វើបាតុកម្មប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម និងផ្តួលរំលំរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតនៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាធម្មតាបក្សប្រឆាំងនៅពេលឃើញរាជរដ្ឋាភិបាលធ្វើអីគ្រោះថ្នាក់ គេយកតែឱកាសនោះដើម្បីវ៉ៃប្រហារ ហើយខ្លាំងបំផុតនៅក្នុងសភា ខណៈពេលដែលខ្លួនមាននៅក្នុងសភា ៥៥កៅអី ហើយកាលនឹងមានរហូតដល់ ៣បក្ស ហេតុអីក៏មិននិយាយថាកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ វាខុសទៅ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចោទសួរទៅកាន់យុវជនជំនាន់ក្រោយ ដែលបានស្តាប់តាមការញុះញ៉ង់ និងសុំសួរឱ្យច្បាស់ថាតើហេតុអីបានជាពីមុន លោកអ៊ំ លោកតា លោកវីរបុរសខ្លួន មិនតវ៉ាពេលដែលខ្លួននៅក្នុងសភា ខណៈដែលសភាមានអាណត្តិ ៥ឆ្នាំ ហើយខ្លួនបាននៅតាំងពីឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០១៧ មានរយៈពេលជិត ២០ឆ្នាំ ហើយហេតុអីបានជាមិនជំទាស់ពេលនោះឱ្យហើយ ឫគិតថាកិច្ចព្រមព្រៀងនេះត្រូវដែរ? ហើយមកដល់ពេលនេះ នៅពេលដែលឃើញចរន្តតវ៉ា ទើបចេញមកដុតបន្ថែម ហើយឱ្យក្មេងៗមកធ្វើសកម្មភាពគ្រោះថ្នាក់។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ នោះទេ ដែលមានទណ្ឌិត សម រង្ស៊ី និងក្នុងបក្សពួកខ្លួន តែងតែលើកឡើង ដោយបំភ្លៃការពិត បំផុសបំផុល ញុះញង់ ឲ្យមានការយល់ច្រលំ មកលើ របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ។
ជាក់ស្តែង កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ត្រូវបានណ្ឌិត សម រង្ស៊ី និងក្នុងបក្សពួកខ្លួនមួយចំនួនតូច លើកឡើងដោយបំភាន់ ទៅជារឿងកាត់ទឹកដីរបស់កម្ពុជាទៅឲ្យប្រទេសវៀតណាម បើទោះបីជាការពិត កិច្ចសហប្រតិបត្តិការនេះធ្វើឡើងតែក្នុងក្របខណ្ឌអាជ្ញាធរប្រទេសទាំងបី ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អប់រំ សន្តិសុខ និងការគ្រប់គ្រងគ្រោះមហន្តរាយ ក៏ដោយ។
អត្ថបទ៖ ពុទ្ធិកា