កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA) ត្រូវបានផ្ដួចផ្ដើមតាំងពីឆ្នាំ ១៩៩៩ ដែលមកទល់នឹងពេលនេះមានរយៈពេល ២៥ឆ្នាំ ក្នុងគោលបំណងទាញយកផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ អប់រំ សុខាភិបាល សន្តិសុខ និងការគ្រប់គ្រងគ្រោះមហន្តរាយ។
កិច្ចសហប្រតិបត្តិការនេះគ្រប់ដណ្ដប់ទៅលើខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ និងមណ្ឌលគិរី របស់កម្ពុជា និងខេត្ត ៤ របស់ប្រទេសឡាវ រួមមាន Attapeu, Salavan, Sekong និង Champasak។ ចំណែកវៀតណាមមានខេត្ត ៥ រួមមាន Kon Tum, Gia Lai, Dak Lak, Dak Nong, Binh Phuoc។ កិច្ចសហប្រតិបត្តិការនេះមិនមែនជាការដាក់បញ្ចូលខេត្តដើម្បីបង្កើតបានជាដែនដីថ្មីនោះទេ ហើយប្រទេសនីមួយៗមានអធិបតេយ្យភាព និងការគ្រប់គ្រងលើដែនដីរៀងៗខ្លួន។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ដែលជាអ្នកផ្ដួចផ្ដើមគំនិតនេះឡើងកាលពីឆ្នាំ១៩៩៩។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការផ្ទុះឡើងនៃការបញ្ចេញមតិយោបល់ទៅលើកិច្ចសហប្រតិបត្តិការ CLV DTA នេះហាក់ដូចជាមានរបៀបវារៈមួយដើម្បីបង្វែរការចាប់អារម្មណ៍ទៅលើការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហាខាងមុខនេះ។
លោកបណ្ឌិតយល់ថា រឿងនេះទើបតែផ្ទុះឡើងដោយសារតែមានអ្នកចង់ឲ្យរឿងនេះក្លាយជារឿងក្ដៅ ដោយយល់ទៅលើអារម្មណ៍រំជួលចិត្តរបស់ប្រជាពលរដ្ឋកម្ពុជាទាក់ទងនឹងជាតិនិយម ទឹកដី ព្រំដែន និងធនធានធម្មជាតិ ដែលសុទ្ធសឹងតែជាប្រធានបទរសើប ងាយនឹងធ្វើឲ្យអារម្មណ៍ពលរដ្ឋពុះកញ្ជ្រោល។
លោកបណ្ឌិត គិន ភា ថ្លែងថា៖ «តាមពិត ប្រតិកម្មរបស់ប្រជាពលរដ្ឋមិនខុសទេ អ្វីដែលខុសគឺអ្នកដែលបំភ្លៃព័ត៌មាន ខុសពីការពិត ធ្វើឲ្យមានការយល់ច្រឡំក្នុងចំណោមសាធារណមតិ ដែលរឿងបែបនេះគួរចៀសវាង។ ខ្ញុំចង់បញ្ជាក់ថា ការយកចិត្តទុកដាក់រឿងជាតិ រឿងទឹកដី រឿងសម្បត្តិវប្បធម៌ ធនធានធម្មជាតិ របស់យើង មិនមែនជារឿងខុសទេ។ លើកលែងតែយើងទៅធ្វើសកម្មភាពដែលធ្វើឲ្យជាតិលិចលង់គ្រោះថ្នាក់នោះទើបខុស»។
ស្ថិតក្រោមកិច្ចសហប្រតិបត្តិការនេះ កាលពីដើមខែធ្នូ ឆ្នាំ២០២៣ សភានៃប្រទេសទាំង ៣ បានបើកការប្រជុំជាលើកដំបូងនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ ចុងក្រោយនេះ លោកស្រី ចម និម្មល រដ្ឋមន្រី្តក្រសួងពាណិជ្ជកម្មក៏បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះ CLV DTA ថ្នាក់រដ្ឋមន្ត្រីនៅខេត្ត Attapeu ប្រទេសឡាវ កាលពីខែមីនាផងដែរ។
កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះថ្នាក់រដ្ឋមន្រី្តលើកទី១៣ បានឯកភាពរៀបចំបញ្ចប់ផែនការមេសម្រាប់ការអភិវឌ្ឍន៍សេដ្ធកិច្ចសង្គម នៅតំបន់ត្រីកោណអភិវឌ្ឍន៍រហូតដល់ឆ្នាំ២០៣០។ ផែនការនេះនឹងត្រូវដាក់ជូនកិច្ចប្រជុំកំពូល CLV DTA លើកទី១២ ដែលគ្រោងនឹងរៀបចំនៅប្រទេសកម្ពុជា នៅចុងឆ្នាំ២០២៤នេះ ដើម្បីពិនិត្យ និងអនុម័ត៕