Breaking News: លោក សាម អុីន ប្រកាសដើរចេញពីគណបក្សប្រជាធិតេយ្យមូលដ្ឋាន

លោក សាម អុីន សហស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្រកាសចាកចេញពីតួនាទីប្រធានគណៈកម្មាធិការនាយក(ស្តីទី) និងពីសមាជិកភាព គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជាផ្លូវការ ចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

លើទំព័រហ្វេសប៊ុកនារសៀលថ្ងៃអាទិត្យ ទី២ ខែមេសានេះ លោក សាម អុីន បានបញ្ជាក់ថា ក្រោយពីការវាយតម្លៃស្ថានការណ៍គ្រប់ជ្រុងជ្រោយ និងសួរបេះដូងរបស់លោកជាច្រើនដង លោកបានសម្រេចចិត្តលាឈប់ពីតួនាទីប្រធានគណៈកម្មាធិការនាយក(ស្តីទី) និងពីសមាជិកភាព គណបក្សប្រជាធិបតេយ្យមូលដ្ឋានជាផ្លូវការ។

យ៉ាងណា ការសម្រេចចិត្តដើរចេញនៅពេលនេះ លោកមិនទាន់បង្ហាញឲ្យដឹងនៅឡើយ ថាលោកនឹងចុះចូលជាមួយគណបក្សដទៃមួយណានោះ ប៉ុន្តែការប្រកាសនេះគឺរំលងប៉ុន្មានប៉ុណ្ណោះ ដែលសមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានចំនួន ២រូប បានចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច គឺប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉ង សាំងកុមារ និង​អ្នកនាំពាក្យ​គណបក្ស​នេះ គឺ​លោក ឡឹក សុធារ បាន​ប្រកាស​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​បំណង​ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម។

ក្រោយមកលោកទាំងពីរទទួលបានដំណែងនៅក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តាមបំណង ក្នុងអាណត្តិរបស់រដ្ឋមន្រ្តី ឌិត ទីណា៕