ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ចំនួន៧០នាក់ នាល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ ។
ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខណ្ឌទាំង១៤ ដែលបានប្រកាសទាំង៧០នាក់ គឺក្នុងមួយខណ្ឌមានចំនួន៥នាក់ ដែលមានប្រធានមួយរូប អនុប្រធានមួយរូបនិងមានសមាជិកចំនួន៣រូប។ ក្នុងនោះក៏មានសមាជិក២រូបបានសំរេចចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។
ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា ក្រុមការងារទាំងអស់ត្រូវរួមគ្នា ធ្វើយ៉ាងណា អភិវឌ្ឍន៍ប្រទេស អោយសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។ សម្រាប់ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋាន ត្រូវធ្វើចលនាអោយគេមករួមរស់ជាមួយគណៈបក្សប្រជាជន ដើម្បីអោយមានការឯកភាពតែមួយ មានឯកភាពជាតិតែមួយ នោះការអភិវឌ្ឍប្រទេសនឹងធ្វើឡើងដោយភាពរលូននិងលឿនបំផុត។
ឯកឧត្ដម ឃួង ស្រេង បានបន្តថា សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងណាស់ ក្រៅពីរំដោះអាយុជីវិតប្រជាពលរដ្ឋពីសេចក្តីស្លាប់នៅក្នុងរបបប៉ុលពត នូវបានរំដោះអាយុជីវិតប្រជាពលរដ្ឋពីការរាតត្បាតពីជម្ងឺកូវីដ-១៩ ជាមួយនិងការគៀងគរអ្នកវិនិយោគមកកាន់កម្ពុជាកាន់តែច្រើន នាំអោយប្រទេសជាតិមានការអភិវឌ្ឍរីកចំរើន ជាមួយនិងប្រជាពលរដ្ឋកម្ពុជាមានកាងារធ្វើ។
ឯកឧត្ដម ឃួង ស្រេង ក៏បានអំពាវនាវរួមគ្នាបំពេញការងារជូនជាតិ រួមគ្នាជាចលនាជាតិតែមួយ គាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ដែលគ្រោងនឹងបើកការដ្ឋាននាថ្ងៃទី០៥សីហា២០២៤ខាងមុខនេះ៕ អត្ថបទ៖ ពុទ្ធិកា