គណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ប្រកាសទទួលស្គាល់សមាជិកបក្សថ្មី ចំនួន២១៤នាក់ ដែលអតីតសកម្មជនមកពីគណបក្សនយោបាយផ្សេងៗ ក្នុងនោះមកពីអតីតគណបក្សសង្គ្រោះជាតិ (CNRP) ចំនួន១៩៧ នាក់ និងគណបក្សឆន្ទៈខ្មែរ ចំនួន១៧នាក់។
ពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មីនេះ ក្រោមវត្តមានឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អ៊ុយ រី សមាជិកគណៈកម្មាធិការកណ្តាល ជាអនុប្រធានគណប្រចាំការគណ:កម្មាធិការបក្សខេត្តបាត់ដំបង និងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ជាច្រើននាក់ចូលរួមផងដែរ។
ឯកឧត្តម សុខ លូ បានថ្លែងស្វាគមន៍ និងចូលរួមអបអរសាទរចំពោះការសម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមបានថ្លែងថា នេះគឹជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ដោយការជឿទុកចិត្ត មានក្តីសង្ឃឹម និងផ្តល់ទំនុកចិត្តលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ និងកំពុងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងមានតែគណបក្ស ប្រជាជនកម្ពុជាមួយប៉ុណ្ណោះ បានរំដោះប្រទេស និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ កសាងជាតិមាតុភូមិ បង្កើនការងារ និងប្រាក់ចំណូលយ៉ាងច្រើនជូនដល់បងប្អូនប្រជាពលរដ្ឋ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។
ឯកឧត្តមបានលើកឡើងថា កត្តាសំខាន់៣ សម្រាប់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តន៍ រួមមាន៖ទី១៖ ក្តាប់ឲ្យជាប់នូវកម្មវិធីរបស់គណបក្សប្រជាជន គោលការណ៍ដឹកនាំរបស់គណបក្ស បង្កើតការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ទី២៖ ថែរក្សាឲ្យបានសាមគ្គីឯកភាពផ្ទៃក្នុង របស់គណបក្ស ទី៣៖ ក្នុងនាមជាមន្ត្រីគណបក្ស ត្រូវបន្តចូលរួមគាំទ្ររាល់គោលនយោបាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក៏បានជំរុញឲ្យសមាជិក-សមាជិកាទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ជាពិសេសបន្តជួយផ្សព្វផ្សាយអំពីសមិទ្ធ ផលនានារបស់គណបក្ស ប្រជាជនកម្ពុជា និងណែនាំឲ្យក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិទាំងអស់ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជារៀងរហូត ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍ៕