កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ នេះបើតាមការឲ្យដឹងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាមួយ ឯកឧត្ដម តូ ឡឹម (TO Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។
ក្នុងជំនួបពិភាក្សានេះ សម្តេចធិបតី និងឯកឧត្តមប្រធានរដ្ឋវៀតណាម បានពិភាក្សាលើចំណុចសំខាន់ៗ ដែលរួមមាន៖ (១) កិច្ចសហប្រតិបត្តិការការទូតនិងនយោបាយ ដោយភាគីទាំងពីរនឹងបង្កើននូវការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងគ្នាកម្រិតជាន់ខ្ពស់បន្ថែមទៀត (២) កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងថាមពល តាមរយៈការពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឱ្យអស់សក្តានុពល និងខិតខំជំរុញបន្ថែមទៀតនូវសកម្មភាពសេដ្ឋកិច្ច ក្នុងក្របខ័ណ្ឌរដ្ឋាភិបាល និងវិស័យឯកជន (៣) កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដោយបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីរួមចំណែករក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ព្រមទាំងកិច្ចសហការ និងការចែករំលែកព័ត៌មានគ្នា ក្នុងការទប់ស្កាត់បទល្មើសតាមព្រំដែន ដូចជាការជួញដូរមនុស្ស គ្រឿងញៀន និងការឆបោកតាមប្រព័ន្ធអនឡាញ (៤) ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងការតភ្ជាប់ ដោយផ្តោតលើការបន្តផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលដល់សិក្ខាកាមជានិស្សិត និងមន្ត្រីរាជការ ការជំរុញវិស័យទេសចរណ៍ និងការពង្រីកជើងហោះហើរផ្ទាល់ ក៏ដូចជាការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត និង ហូជីមិញ-ម៉ុកបៃ)និង (៥) កិច្ចការព្រំដែន ដោយភាគីទាំងពីរនៅតែចាត់ទុកការបោះបង្គោលព្រំដែនគោក ជាកិច្ចការអាទិភាព និងបន្តពិភាក្សាដើម្បីឈានទៅសម្រេចបាននូវការបោះបង្គោលព្រំដែនគោក៕