នៅដើមសប្តាហ៍នេះ ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំង និងសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្តកាន់តែច្រើនឡើងៗ។ មិនតែប៉ុណ្ណោះ ក្រៅពីការសុំចុះចូលជាមួយគណបក្សកាន់អំណាច សមាជិកបក្សប្រឆាំងទាំងនោះ ក៏បានប្រកាសថ្កោលទោសលោក សម រង្ស៊ី ដែលតែងធ្វើនោយបាយទុច្ចរិតដដែលៗប្រឆាំងប្រយោជន៍ និងការអភិវឌ្ឍរបស់កម្ពុជា។
នៅថ្ងៃទីចន្ទទី៨ ខែកក្កដានេះ សមាជិកប្រតិបត្តិ និងជាបេក្ខជនក្រុមប្រឹក្សាស្រុកបាភ្នំ ខេត្តព្រៃវែង មកពីគណបក្សឆន្ទៈខ្មែរ ២រូប បានប្រកាសផ្តាច់ខ្លួន និងគោរពស្នើសុំសម្តេចតេជោ ចូលរួមជីវភាពនយោបាយជាមួយ
គណបក្សប្រជាជនកម្ពុជា។ ក្នុងនោះ ពួកគេបានប្រកាសថ្កោលទោសទណ្ឌិតសម រង្ស៊ី ដែលតែងប្រឆាំងផលប្រយោជន៍ជាតិ ជាពិសេសប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ។
នៅថ្ងៃដដែលបេក្ខជនក្រុមប្រឹក្សាសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅចំនួន១០ រូបនិងបេក្ខជនក្រុមប្រឹក្សាសង្កាត់ព្រែកព្នៅចំនួន០៥ រូប មកពីគណបក្សភ្លេីងទៀនបានសម្រេចចិត្តផ្ដាច់ខ្លួនពីបក្សប្រឆាំងនិងគោរពសម្តេចតេជោចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន។
ដោយឡែក នៅខេត្តកណ្តាលវិញ សមាជិកក្រុមការងារគណបក្សភ្លើងទៀនខេត្តកណ្ដាល ១រូប, សមាជិកក្រុមការងារគណបក្សកម្លាំងជាតិ ១រូប, បេក្ខជនក្រុមប្រឹក្សាសង្កាត់ស្វាយរលំ ២រូបទៀត មកពីគណបក្សភ្លើងទៀន បានប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងគោរពស្នើ សម្តេចតេជោ សុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។ ស្របពេលនេះដែរ ពួកគេបានថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលតែងមានគំនិតទុច្ចរិតប្រឆាំងផលប្រយោជន៍ជាតិ និងថ្មីៗនេះទទឹងទិសប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ។
នៅថ្ងៃទី៩ ខែកក្កដានេះ នៅខេត្តកណ្ដាល មានបេក្ខជនក្រុមប្រឹក្សាសង្កាត់រកាខ្ពស់ ៨រូប មកពីគណបក្សឆន្ទៈខ្មែរ, បេក្ខជនក្រុមប្រឹក្សាសង្កាត់រកាខ្ពស់ ២រូប មកពីគណបក្សភ្លើងទៀន, សមាជិកគណៈកម្មាធិការគណបក្សភ្លើងទៀន
សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ចំនួន ៤រូបទៀត និងបេក្ខជនក្រុមប្រឹក្សាសង្កាត់ចំនួន៤ សង្កាត់ជ្រោយចង្វារ សង្កាត់កោះដាច់ សង្កាត់ព្រែកតាសេក និងសង្កាត់បាក់ខែងសរុបចំនួន០៩រូប មកពីគណបក្សភ្លេីងទៀន ក៏បានសម្រេចចិត្តផ្ដាច់ខ្លួនពីបក្សប្រឆាំងនិងគោរពសម្តេចតេជោចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន។
ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំង និងសុំរួមរស់ជាមួយបក្សកាន់អំណាច កាន់តែច្រើនឡើងៗទាំងនេះ ត្រូវបានបង្ហាញឱ្យដឹងពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅលើឆានែលតេឡេក្រាមផ្លូវការរបស់សម្តេច។
ទន្ទឹមគ្នានឹងចលនាផ្តាច់ខ្លួនពីមន្ត្រីជាន់ខ្ពស់ និងសមាជិកបក្សប្រឆាំងកំពុងពុះកញ្ជ្រោលទាំងក្នុងស្រុក និងក្រៅស្រុក សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សង្ឃឹមថា ក្រុមប្រឆាំងនឹងបន្តផ្តាច់ខ្លួនចេញពីមេដឹកនាំក្រុមជ្រុលនិយមមកចូលរួមកសាងប្រទេសជាមួយរាជរដ្ឋាភិបាល៕
អត្ថបទ៖ អក្ខរា