ក្នុងឱកាសប្រារព្ធមិទ្ទិញអបអរសាទរខួប៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អំពាវនាវដល់ប្រជាជនទាំងមូលលើកកម្ពស់ស្មារតីជាតិនិយម និងកម្ចាត់នយោបាយជ្រុលនិយមឲ្យអស់ពីកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សន្តិភាពពេញលេញដែលយើងបង្កើតបានរយៈពេលជាង ២៥ឆ្នាំមកនេះ គឺបានមកដោយលំបាកជាទីបំផុត។ យើងត្រូវឆ្លងកាត់ការតស៊ូ ការលះបង់ ការព្យាយាម អត់ធ្មត់ និងទប់ទល់នឹងកត្តាអវិជ្ជមានច្រើនណាស់ទើបសម្រេចបាន។ ហេតុនេះ យើងត្រូវអរគុណសន្តិភាព ត្រូវរួមគ្នាការពារសន្តិភាពឱ្យឋិតថេរគង់វង្សរឹងមាំជានិច្ច។ មានសន្តិភាពទើបមានការអភិវឌ្ឍ ប្រកបដោយចីរភាព ផ្ទុយមកវិញ មានការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ ទើបធានា ការពារបាននូវសន្តិភាព។
សម្ដេចតេជោបានបន្តថា យើងមិនអនុញ្ញាតដាច់ខាតឱ្យពួកអ្នកនយោបាយជ្រុលនិយមមួយ ក្ដាប់តូចមកបំផ្លាញសន្តិភាពបានឡើយ ក្នុងន័យនេះសម្តេចអំពាវនាវដល់ប្រជាជនទាំងមូល លើកកម្ពស់ស្មារតីជាតិនិយម និងកម្ចាត់នយោបាយជ្រុលនិយមឱ្យអស់ពីកម្ពុជា។
ទន្ទឹមនេះ សម្តេចប្រធានគណបក្សបានគូសបញ្ជាក់ថា នៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព ក្នុងការដឹកនាំត្រូវតែមានភាពត្រឹមត្រូវខាងនយោបាយទាំងយុទ្ធសាស្ត្រ និងយុទ្ធវិធី ទើបធានាបាននូវជោគជ័យ។ នយោបាយរបស់ គណបក្ស មិនឆ្វេង មិនស្តាំ មិនបាត់ម្ចាស់ការ គឺមានភាពប្រាកដជាក់ស្តែង ទោះត្រូវប្រឈមនឹងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ បើគ្មានភាពត្រឹមត្រូវខាងនយោបាយ ការដឹកនាំនឹងត្រូវបរាជ័យជាមិនខាន។ ដូច្នេះ ជានិច្ចកាល ត្រូវឈរលើឧត្តមគតិស្នេហាជាតិ គួបផ្សំនឹង មាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស ដើម្បីដាក់ចេញនូវកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្ដីសម្រេចនានាដែលស្របជាមួយនឹងការវិវត្តនៃសភាពការណ៍ ជាក់ស្ដែងក្នុងប្រទេស និងសភាពការណ៍ក្រៅប្រទេស៕