គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយដ៏ចំណាស់នៅកម្ពុជា និងជាគណបក្សនយោបាយបង្អែកដ៏រឹងមាំរបស់ជាតិកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ រៀបចំប្រារព្ធមិទ្ទិញអបអរសាទរខួប ៧៣ឆ្នាំថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)។
ពិធីប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន៧មករា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសបក្ស អនុប្រធានបក្សទាំង៥រូប សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ សម្ដេចកិត្តិសង្គហបណ្ឌិត មែន សំអន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ជាច្រើនរូបទៀត។
ក្នុងឱកាសប្រារព្ធមិទ្ទិញអបអរសាទរខួប៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល ៧៣ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយ គត់ ដែលបានស្ថិតនៅរួមរស់ផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ទោះបីសភាពការណ៍ជាតិមាន ការវិវត្តដ៏ស្មុគស្មាញ យ៉ាងណាក្តី។ គណបក្សបានរក្សាខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និង ឧត្តមគតិរបស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រទេសជាតិ ការពារមាតុភូមិ ការពារសមិទ្ធផល នៃសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
សម្តេចតេជោ បានរំលឹកថា ពេលប្រទេសជាតិទាំងមូលត្រូវធ្លាក់ក្នុងគ្រោះមហន្តរាយនៃ អំពើប្រល័យពូជសាសន៍ ដែលបង្កឡើងដោយរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត គណបក្សបានដឹកនាំការតស៊ូប្រយុទ្ធវាយផ្តួលរំលំរបបដ៏សាហាវឃោរឃៅនេះ រហូតទទួល បានជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ៧មករា ឆ្នាំ ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យមានជីវិត រស់ឡើងវិញទាន់ពេលវេលា និងបានដណ្ដើមយកមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់ បែបយ៉ាងដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត។
បន្ទាប់ពីថ្ងៃជ័យជម្នះ ៧មករា គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រជាជនជ្រោងទង់មហាសាមគ្គីជាតិ ដើម្បីការពារការរស់ឡើងវិញរបស់ប្រជាជាតិ ទប់ស្កាត់ការប៉ុនប៉ងនាំ យករបបប្រល័យពូជសាសន៍មកវិញ និងស្ដារកសាងមាតុភូមិឡើងវិញពីគំនរផេះផង់។ យើង ពិតជាមិនអាចរៀបរាប់អស់អំពីឧបសគ្គ និងការលំបាករាប់ម៉ឺនជំពូកដែលយើងបានជួប និងឆ្លងកាត់ក្នុងរយៈពេលជាង ៤៥ឆ្នាំ មកនេះបានឡើយ ប៉ុន្តែយើងអាចអះអាងប្រកបដោយ មោទនភាពបំផុត អំពីបណ្តាសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រដែលយើងសម្រេចបានក្នុងការស្តារ ការកសាង និងអភិវឌ្ឍសង្គមជាតិ ដោយចាប់ផ្ដើមពីស្ថានភាពវិនាសអន្តរាយខ្ទេចខ្ទីដោយ អំពើប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ មកកាន់ស្ថានភាពដែលប្រទេសជាតិ ទាំងមូលមានសន្តិភាព ឯកភាពជាតិពេញលេញ និងមានការផ្លាស់ប្តូររីកចម្រើនលើគ្រប់វិស័យ។
ជាមួយគ្នានេះ យើងបានធ្វើឱ្យបរាជ័យគ្រប់ជំហានចំពោះឧបាយកល និងសកម្មភាព ប្រទូសរ៉ាយឥតឈប់ឈររបស់កម្លាំងនយោបាយជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួន ដែលប៉ុនប៉ងផ្តួលរំលំគណបក្សប្រជាជនកម្ពុជា។
ការរស់ឡើងវិញរបស់ប្រជាជាតិខ្មែរយើង ដែលបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍, ការបង្កើតបានសន្តិភាពពេញលេញតាមរយៈ នយោបាយឈ្នះ ឈ្នះ និងការអភិវឌ្ឍដ៏រស់រវើករបស់សង្គមជាតិយើងបច្ចុប្បន្ននេះ គឺជាតថភាព ប្រវត្តិសាស្ត្រ ដែលយើងទាំងអស់គ្នាជាខ្មែរគប្បីមានការយល់ដឹងឱ្យបានច្បាស់ និងចងចាំជា និច្ចដើម្បីធានាការកសាងអនាគតមួយរបស់កម្ពុជាប្រកបដោយភាពរុងរឿង ដែលគ្មានអំពើ ប្រល័យពូជសាសន៍ គ្មានការបែកបាក់ជាតិ និងសង្គ្រាមជាថ្មីទៀត។ នេះបើតាមសុន្ទរកថារបស់សម្តេចប្រធានគណបក្ស៕