ឯកឧត្ដម តូ ឡឹម (TÔ LÂM) ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម ទន្ទឹងរង់ចាំសហការយ៉ាងជិតស្និទ្ធនិងស៊ីជម្រៅជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា។
ក្នុងសារលិខិតថ្លែងអំណរគុណជូនចំពោះ សម្តេតេជោ ហ៊ុន សែន ផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្ដម តូ ឡឹម បានលើកឡើងថា “ខ្ញុំមានសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានទទួលសារលិខិតអបអរសាទរជាមួយ នឹងពាក្យពេចន៍ដ៏ស្មោះស្ម័គ្ររបស់សម្ដេចតេជោប្រធាន ក្នុងឱកាសខ្ញុំត្រូវបានរដ្ឋសភាបោះឆ្នោត ជ្រើសតាំង ជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម”។
ឯកឧត្ដមបានបញ្ជាក់ថា នេះជាមហាកិត្តិយសផង និងទំនួលខុសត្រូវ ដ៏ឧត្តុងឧត្តមផង និងជាកាលានុវត្តភាពសម្រាប់រូបឯកឧត្តម ខ្ញុំនិងបណ្ដាថ្នាក់ដឹក នាំជាន់ខ្ពស់ ផ្សេងៗទៀតរបស់វៀតណាមខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ដើម្បីបម្រើប្រទេសជាតិនិងប្រជាជនវៀតណាម។
ក្នុងតួនាទីថ្មីរបស់ខ្លួន ឯកឧត្ដម តូ ឡឹម ទន្ទឹងរង់ចាំសហការយ៉ាងជិតស្និទ្ធជាមួយសម្ដេចតេជោប្រធាន ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនង ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង រវាងវៀតណាមនិងកម្ពុជា ដើម្បីការអភិវឌ្ឍនៃប្រទេសនិមួយៗ ក៏ដូចជាដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ ដើម្បីសន្តិភាព ស្ថរិភាព កិច្ចសហប្រតិបត្តិការ និងការរីកចម្រើនក្នុងតំបន់និងលើពិភពលោក។
គួរជម្រាបថា គណបក្សកុម្មុយនីស្តវៀតណាម បានតែងតាំងឯកឧត្ដម តូ ឡឹម រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ ជាប្រធានាធិបតីថ្មីជំនួសប្រធានាធិបតីចាស់ដែលបានសុំលាលែងចេញពីតំណែងកាលពីខែមីនា ដោយមានពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ។ ប្រមុខរដ្ឋវៀតណាមថ្មី ដែលមានអាយុ៦៦ឆ្នាំ ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ តាំងពីឆ្នាំ២០១៦ និងជាឥស្សរជនដ៏មានឥទ្ធិពលបំផុតម្នាក់នៅវៀតណាម ហើយលោកល្បីខាងមានជំហរនយោបាយតឹងតែងខ្លាំងប្រឆាំងនឹងចលនាការពារសិទ្ធិមនុស្សនៅក្នុងប្រទេស៕
អត្ថបទ៖ អក្ខរា