ឡើងធ្វើមេបក្សភ្លាម លោក មាជ សុវណ្ណារ៉ា វាយប្រហារបក្សភ្លើងទៀន និងបក្សកម្លាំងជាតិថា កំពុងហែកហួរបែកបាក់គ្នា

លោក​មាជ សុវណ្ណារ៉ា បានក្លាយជាប្រធានគណបក្សនយោបាយដែលទើបតែបង្កើតថ្មីមួយឈ្មោះ គណបក្សជំនាន់ថ្មី​ ដែលបានរៀបចំសមាជបក្សលើកដំបូងនៅខេត្តសៀមរាបកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ ១០ថ្ងៃ ក្រោយឡើងធ្វើជាបក្ស លោកបានព្រលយសារនយោបាយវាយប្រហារគណបក្សប្រឆាំងចំនួនពីរ គឺគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិថា ជាគណបក្សគ្មានការសាមគ្គីគ្នា និងកំពុងបែកបាក់ផ្ទៃក្នុង។

អ្នកនយោបាយចាស់វស្សារូបនេះ បានថ្លែងក្នុងបទសម្ភាសន៍មួយផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមិថុនាថា ហេតុអ្វីបានជាលោកមិនទៅចូលរួមជាមួយបក្សភ្លើងទៀន និងបក្សកម្លាំងជាតិ? លោកថា គណបក្សពីរនេះ រវល់តែរឿងហានិភ័យ បែកបាក់ឈ្លោះគ្នា ជេរប្រចោរគ្នាអត់ដឹងកូនដឹងឪ ឲ្យលោកនាំបក្សពួកលោកទៅចូលរួមម្តេចកើត។ លោកបន្តថា គណបក្សទាំងពីរនេះ បង្កប់ទៅដោយការបំបែកបំបាក់គ្នា គ្មានការផ្សះផ្សារ បង្រួបបង្រួមគ្នា ដែលលោកមិនទៅថោកទៀបជាមួយនោះទេ។

លោក មាជ សុវណ្ណារ៉ា​គឺជាអតីតមន្ត្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ​ទទួលបន្ទុកផ្នែកព័ត៌មាន​និងជាមនុស្សជំនិតរបស់លោក កឹម សុខា។ លោកធ្លាប់មានក្តីក្តាំងព័ទ្ធខ្លួន ជាប់ពន្ធនាគារពីរដង និងហោះទៅក្រៅប្រទេសមួយរយៈ មុនមកដឹកនាំគណបក្សជំនាន់ថ្មី។

ជុំវិញការបង្កើតគណបក្សថ្មីៗ​សព្វថ្ងៃនេះត្រូវគេសង្កេតឃើញថា បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយកាលពីចុង​ឆ្នាំ២០១៧ទៅ ហើយសមាជិកជាន់ខ្ពស់របស់បក្សប្រឆាំងមួយនេះ​បាននាំគ្នាចេញទៅបង្កើតគណបក្សនយោបាយរៀងៗខ្លួន។ តែនៅទីបំផុតទៅ គណបក្សទាំងនោះបែកបាក់ផ្ទៃក្នុង មានរឿងអាស្រូវជាដើម និងបានប្រកាសរំលាយខ្លួនឯង ហើយបានទៅចូលរួមជីវភាពនយោយបាយជាមួយគណបក្សកាន់អំណាច៕

អត្ថបទ៖ អក្ខរា