“បើស្គាល់ ហ៊ុន សែន មិនច្បាស់ទេ សូមកុំលេងជាមួយ ហ៊ុន សែន” ។ នេះជាសំណេរសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅលើបណ្តាញសង្គមកាលពីយបថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីឆ្លើយតបទៅកាន់លោក ដេវីត ហួត (David Hutt) អ្នកសរសេរព័ត៌មាននៅកាសែត The Diplomat ។
សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ថា កាលពីថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ដេវីត ហួត (David Hutt) សរសេរផ្សាយនៅលើកាសែត The Diplomat ថា លោក Bill Burns នាយក CIA មិនបានជួបជាមួយ សម្តេចទេ ដូចដែលសម្តេចបានលើកឡើងកាលពីប៉ុន្មានថ្ងៃមុន ដែលបាននិយាយទៅកាន់អគ្គនាយក CIA កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បន្តថា តាមអ្វីដែលលោក Hutt លើកឡើងសំដៅថា សម្តេចភ័ន្តច្រឡំ។ សម្តេចគួរតែនិយាយដោយចំហរថា សម្តេចបានធ្វើការជាមួយថ្នាក់ដឹកនាំ CIA តាំងតែពីឆ្នាំ១៩៩៧មកម្ល៉េះ។ ជំនួបដែលសំខាន់គឺនាយកចារកម្មជាតិ (National Intelligence) លោក James Clapper ជួបឆ្នាំ២០១១ នៅផ្ទះរាជធានីភ្នំពេញ។ ឆ្នាំ២០១២ ជួបជាមួយ នាយក CIA លោក David Patraeus នៅផ្ទះរាជធានីភ្នំពេញ និងជំនួបចុងក្រោយជាមួយនាយក CIA លោក Bill Burns ឆ្នាំ២០២៤ នៅផ្ទះទីក្រុងតាខ្មៅ។
ករណីមិនមានការជួបគ្នាផ្ទាល់ សម្តេចក៏បញ្ជូនតំណាងរបស់សម្តេចទៅជួបថ្នាក់ដឹកនាំ CIA នៅទីក្រុងវ៉ាស៉ីនតោន រាប់ទាំងលោក Mike Pompeo ដែលក្រោយមក ក្លាយជារដ្ឋមន្ត្រីការបរទេសរបស់អាមេរិក ជំនាន់ប្រធានាធិបតី ដូណាល់ ត្រាំ។ កិច្ចសហការសំខាន់របស់យើង គឺប្រឆាំងភេវរកម្ម ដែលមិនមែនជាកិច្ចសហការប្រឆាំងប្រទេសមួយណាឡើយ។ កម្ពុជាក៏មានកិច្ចសហការផ្នែកចារកម្មជាមួយប្រទេសផ្សេងទៀត ព្រោះនេះជាដំណើរធម្មតានៃរដ្ឋមួយដែលមានអធិបតេយ្យភាព។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា “ឃើញទឹកស្ងប់កុំគិតថា ក្នុងទឹកគ្មានត្រី។ ពេល ហ៊ុន សែន មិននិយាយកុំគិតថា ហ៊ុន សែន មិនចេះនិយាយ”៕ អត្ថបទ៖ ពុទ្ធិកា